(ភ្នំពេញ)៖ តារាសម្ដែងមានទម្រង់មុខសិចស៊ី និងកំពុងតែក្ដោបក្ដាប់ប្រជាប្រិយភាព កញ្ញា ដួង ម៉ានិច បានបង្ហើបប្រាប់មហាជន ក៏ដូចជាទស្សនិកជនឲ្យដឹងថា អស់រយៈពេលជាង១០ឆ្នាំមកហើយ ដែលនាងបានប្រឡូកក្នុងសិល្បៈជាយូរ ដោយបានសម្ដែងជាមួយតារាប្រុសល្បីៗ ចាស់ក្មេង ជាច្រើនដួងមកហើយ​ ប៉ុន្តែសម្រាប់តារាសម្ដែងប្រុសសង្ហា លោក សេង មង្គល គឺរូបនាងពុំដែលបានសម្ដែងជាមួយទាល់តែសោះ ទើបតែពេលនេះ នាងបានប៉ះគ្នាជាលើកដំបូង ក្នុងរឿង «អន្ទាក់ស្នេហ៍»។

​ការថ្លែងបញ្ជាក់ពីជំនួបដំបូងរបស់ ដួង ម៉ានិច និង សេង មង្គល ត្រូវបានធ្វើឡើងក្នុងឱកាស ដែលពួកគេទាំងពីរនាក់ បានចាប់ដៃគ្នាសម្ដែងក្នុងភាពយន្តមួយ មានចំណងជើងថា «អន្ទាក់ស្នេហ៍» ដែលជាវណ្ណកម្មថ្មីមួយទៀត របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ។ ក្នុងនោះក៏មានការចូលរួមអបអរ ពីសំណាក់ផលិតករ តារាសម្ដែង និងក្រុមការងារជាច្រើននាក់។

តារាសម្ដែងមានរាងតូចច្រឡឹង តែមានមហិច្ឆតាធំ កញ្ញា ដួង ម៉ានិច បានប្រាប់បន្តថា ជាការពិតនាងបានសម្រេចចិត្ត ចូលប្រឡូកក្នុងវិស័យសិល្បៈអសរយៈពេល១១ឆ្នាំមកហើយ ប៉ុន្តែនាងគិតថា ឆ្នាំនេះ គឺជាឆ្នាំពិសេសបំផុតរបស់នាង ព្រោះនាងបានសម្ដែងជាមួយបុរសសង្ហា សេង មង្គល ជាលើកដំបូង ខណៈដែលការជួបគ្នាកន្លងមក គឺគ្រាន់តែជួប ក្នុងកម្មវិធីសិល្បៈរបស់មិត្តភក្តិតែប៉ុណ្ណោះ។

ដួង ម៉ានិច និយាយថា «ចា៎បង..បើនិយាយទៅខ្ញុំចូលប្រឡូក ក្នុងអាជីពសិល្បៈប្រមាណ១១ឆ្នាំមកហើយ តែនៅក្នុងរឿងនេះ ក៏ដូចជាឆ្នាំនេះ ខ្ញុំបានសម្ដែងជាមួយលោក សេង មង្គល ដែលជាតារាសម្ដែងមានទេពកោសល្យល្អមួយ ក្នុងចំណោយតារាសម្ដែងជាច្រើនទៀត។ ខ្ញុំគិតថា ទោះបីជានេះជាលើកទីមួយសម្រាប់ពួកយើង ប៉ុន្តែគ្មានអ្វីពីបាកនោះទេ ព្រោះសុទ្ធតែមានបទពិសោធសម្ដែងរាប់ឆ្នាំដូចគ្នា...!»

ដោយឡែកបុរសសង្ហា សេង មង្គល បានថ្លែងថា លោកក៏បានបង្ហាញអារម្មណ៍ត្រេកអរ និងសប្បាយរីករាយ ពេលបានសម្ដែងរួមគ្នាជាតួឯក ជាមួយកញ្ញា ដួង ម៉ានិច ព្រោះកន្លងមកមិនដែលបានជួបគ្នា ក្នុងរឿងណាមួយទាល់តែសោះ គឺជួបគ្នាតែក្នុងកម្មវិធីអ្នកសិល្បៈ។ តាមរយៈបទពិសោធជាច្រើន​ឆ្នាំ​ដូចគ្នាបែបនេះ លោកគិតថា ពុំមានឧបសគ្គអ្វី ក្នុងការសម្ដែងរឿងថ្មីដំបូង ជាមួយគ្នាបែបនេះឡើយ។

សូមបញ្ជាក់ថា ភាពយន្តរឿង «អន្ទាក់ស្នេហ៍» ត្រូវបានស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ រៀបចំកម្មវិធីក្រុងពាលីចេញថតនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ ខណៈរឿងទាំងមូលមានចំនួន៣០ភាគ និងប្រើ​រយៈពេលថតចំនួន៥ខែ៕