(បរទេស)៖ ក្មេងស្រីមានឈ្មោះ Mady អាយុ ៨ ឆ្នាំ មានពិការភាពតាំងពីកំណើត ដោយដៃខាងឆ្វេងរបស់នាងមានត្រឹមតែកែងដៃប៉ុណ្ណោះ ហើយនាងគឺជាក្មេងតែម្នាក់ដែលមានអាយុតិចជាងគេបង្អស់នៅសហរដ្ឋអាមេរិច ដែលទទួលបានដៃសិប្បនិម្មិតដើម្បីបញ្ជាចលនា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៩ ។

នៅក្នុងវីដេអូមានរយៈពេលជាង ១នាទីបានបង្ហាញពីសកម្មភាពរបស់ក្មេងស្រីតូច Mady កំពុងរៀនបញ្ជាទៅលើដៃសិប្បនិម្មិត ដែលត្រូវបានគេរចនាឡើងអោយមានពណ៌ផ្កាឈូកភ្លឺតាមការស្នើសុំរបស់​នាង ។ ជាមួយអារម្មណ៍រំភើប ក្មេងស្រីតូចរូបនេះបញ្ជាក់ថា នាងពិតជាចង់ជិះកង់ និងវាយកូនហ្គោលជាមួយដៃជំនួយអោយបានឆាប់ៗបំផុតតាមដែលអាចធ្វើបាន ។

គួរអោយដឹងថា ដៃសិប្បនិម្មិត «Hero Arm» នេះ ត្រូវបានផលិតដោយក្រុមហ៊ុន Open Bionics របស់ចក្រភពអស់គ្លេស ហើយដាក់លក់នៅសហរដ្ឋអាមេរិច ត្រូវបានគេចាត់ទុកជាប្រភេទដៃអេឡិចត្រូនិចដំបូងគេបង្អស់ ដែលផលិតឡើងសម្រាប់កុមារដែលមានអាយុ ៨ ឆ្នាំ ៕