(បរទេស)៖ កូនសត្វរមាសពណ៌ស ១ក្បាលបានកើតដោយជោគជ័យ ព្រមទាំងមានសុខភាពល្អ ក្រោមបច្ចេកវិទ្យាបង្កាត់ពូជ ដោយប្រើមេជីវិតសិប្បនិម្មិតដំបូងបង្អស់ នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ។

Victoria ជាឈ្មោះរមាសមេដែលបានផ្តល់កំណើតដោយសុត្ថិភាពអោយកូនរមាសឈ្មោលកាលពីថ្ងៃច័ន្ទកន្លងទៅ បន្ទាប់ពីវាបានពរពោះអស់រយៈពេល ៤៩៣ថ្ងៃ ស្មើនឹង ១៦ខែ ។ លោកស្រីវេជ្ជបណ្ឌិត Barbara Durrant នាយកគ្រប់គ្រងការបន្តពូជនៅសួនសត្វសាន់ឌីហ្គោបានអោយដឹងថា លទ្ធផលជោគជ័យនៃការបង្កកំណើត​តាមបែបសិប្បនិម្មិតដំបូងបង្អស់នេះ ជាជំហានសំខាន់បំផុតក្នុងការជួយសង្គ្រោះសត្វរមាសភាគខាងជើង ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជពីភពផែនដីនេះ ។

សូមបញ្ជាក់ថា កូនសត្វរមាសដែលកើតចេញពីការបង្កាត់ពូជតាមបែបសិប្បនិម្មិតនេះ ត្រូវបានគេយកមេជីវិតឈ្មោលពីសត្វរមាសនៅភាគខាងត្បូង មកចាក់បញ្ចូលទៅអោយសត្វរមាសញីពណ៌សនៅភាគខាងជើង ព្រោះរមាសពណ៌សភាគជើងនេះ នៅសល់ត្រឹមតែ ២ក្បាលប៉ុណ្ណោះលើផែនដី ហើយសុទ្ធតែជារមាសញីទាំងអស់ ៕

មេរមាសពណ៌សភាគខាងជើង

មេរមាសពណ៌សភាគខាងជើង