(ហ្សូរិច)៖ សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់អន្តរជាតិ FIFA បានប្រកាសពីការបន្ថែមក្រុមពី ២៤ប្រទេសឲ្យដល់ ៣២ប្រទេសក្នុងព្រឹត្តិការណ៍ Women’s World Cup 2023 បន្ទាប់ពីទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងយុទ្ធនាការ Women’s World Cup 2019 ដែលទើបបញ្ចប់ទៅថ្មីៗនេះនៅប្រទេសបារាំង។

លោក Gianni Infantino ប្រធាន FIFA បានថ្លែងថា «សេចក្តីសម្រេចខាងលើនេះ គឺបានអនុលោមទៅតាមអ្វីដែលយើង ទទួលបាននាចុងក្រោយនេះ ខណៈបាល់ទាត់ស្រ្តីទទួលបានចាប់អារម្មណ៍ច្រើនឡើងមិនចាញ់ផ្នែកបុរសទេនោះ។ បន្ថែមលើនេះ យើងចង់ឲ្យព្រឹត្តិការណ៍ដែលមាន ៤ឆ្នាំម្តងនេះកាន់តែ update ម្តងបន្តិចៗថែមទៀត»

ប្រធាន FIFA ដែលអាចនិយាយបាន ៥ភាសាយ៉ាងស្ទាត់ជំនាញផងនោះបានគូសបញ្ជាក់ថា ចាប់ពីនេះតទៅយើងកំពុងគិតអំពី ៨ប្រទេសដែលត្រូវបន្ថែម ដើម្បីបង្រ្គប់បាន ៣២ក្រុមដែលនឹងត្រូវជ្រើសរើសចេញពី ៦សហព័ន្ធដែលជា សមាជិករបស់ FIFA ដោយនឹងឆ្លងកាត់ការប្រកួតជម្រុះដូចៗគ្នា។

គួរបញ្ជាក់ផងថា ក្រុមបាល់ទាត់ស្រ្តីអាមេរិក ទទួលបានជោគជ័យច្រើនជាងគេដោយធ្លាប់ឈ្នះពាន Women’s World Cup បាន ៤ដងច្រើនជាងគេ និងទើបតែឈ្នះកាលពីខែកក្កដា ឆ្នាំ២០១៩ ផងដែរ បន្ទាប់ពីយកឈ្នះក្រុមស្រី្តហូឡង់ ២-០ នៅវគ្គផ្តាច់ព្រ័ត្រដែលបារាំងធ្វើម្ចាស់ផ្ទះ គិតចាប់តាំងពីយុទ្ធនាការនេះមានរយៈពេល ២៨ឆ្នាំ គិតចាប់តាំងពីបាន បង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩១ មក និងមានតែ ៤ប្រទេសប៉ុណ្ណោះធ្លាប់ឈ្នះពាននេះ៕