(ភ្នំពេញ)៖ មហាជននិយមតាមដានបណ្តាញសង្គម បានសម្តែងនូវការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះក្រុមក្មេងៗមួយចំនួន ដែលធ្វើការ Live ហ្វេសប៊ុក និយាយលេងសើចសប្បាយ ប្រើប្រាស់ពាក្យសម្តីអសុរស ធ្វើឲ្យអ្នកទស្សនាស្ទើរ ៩៩ភាគរយ មិនអាចទទួលយកបាន ហើយគ្រប់គ្នាបង្ហាញនូវការខកចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់យុវជនមួយក្តាប់តូចនេះ។ ដោយសារតែសកម្មភាពអវិជ្ជមានបែបនេះ បានរីកសុះសាយពេញបណ្តាញសង្គម និងជាគំរូមិនល្អ ដែលបំផ្លាញសណ្តាប់ធ្នាប់សង្គម ទើបមហាជន នាំគ្នាសំណូមឲ្យអាជ្ញាធរ ចាត់ការក្រុមទាំងនេះជាបន្ទាន់ ដើម្បីកុំឲ្យក្មេងជំនាន់ក្រោយយកគំរូអាក្រក់នេះតាម។

បើតាមការកត់សម្គាល់ មួយៈចុងក្រោយមកនេះ មហាជនសង្កេតឃើញថា មានក្មេងៗតូចច្រើនណាស់ មិនបានខិតខំប្រឹងប្រែងរៀនសូត្រ ឬដើរផ្លូវល្អត្រឹមត្រូវនោះទេ ផ្ទុយទៅវិញបែរជានាំគ្នាធ្វើការ Live ហ្វេសប៊ុក សម្តែងជាការជេរប្រទិច ហែកហួរគ្នា ដោយពាក្យអសុរសបែបណាក៏ចេញមកដែរ តាមតែការនឹកឃើញរបស់ពួកគេ ខណៈសកម្មភាពនេះ ចេះតែជាគំរូធ្វើតាមតៗគ្នា ពីមួយថ្ងៃទៅមួយថ្ងៃ គឺមានការកើនឡើងកាន់តែច្រើន និងគ្មាននរណាម្នាក់ចាត់វិធានការចំពោះពួកគេឡើយ។ មហាជនបានលើកឡើងថា ទោះបីនេះ ជាការសម្តែងក៏ពិតមែន តែពិតជាមិនគប្បីប្រើប្រាស់ការជេរ ហែកហួរគ្នា លើបណ្តាញសង្គមឲ្យមនុស្សរាប់ពាន់នាក់មើល ដើម្បីទាក់ទាញការចាប់អារម្មណ៍ឡើយ។

សកម្មភាពរបស់ពួកគេ ដែលកំពុងតែធ្វើតាមអំពើចិត្ត គ្មាននរណាណែនាំបែបនេះ​ នឹងជាគំរូអាក្រក់បំផុតដល់ក្មេងៗដទៃ ប្រសើនបើគ្មានភាគីពាក់ព័ន្ធ ដូចជាអាជ្ញាធរចាត់ការក្រុមនេះ ឬយកទៅណែនាំទេនោះ។ ដូច្នេះមហាជនសំណូមពរឲ្យអាជ្ញាធរ ឬភាគគីពាក់ព័ន្ធចាត់វិធានការជាបន្ទាន់ ចំពោះក្រុមដែលចូលចិត្តប្រើពាក្យអសុរស បំផ្លាញសណ្តាប់ធ្នាប់សង្គម ដែលកំពុងតែមានសេរីភាពខ្លាំងក្លា ធ្វើតាមទំនើងចិត្ត ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនេះ៕