(ថៃ)៖ សម្រាប់តារាចម្រៀងបែបស្រគត់ស្រគំ សំបូរទឹកដមមន្តស្នេហ៍ដ៏ផ្អែមត្រជាក់ និងមានសំនៀងក្រអៅក្រអូន បាន មុន្នីល័ក្ខ ត្រូវបានអ្នកផលិតកម្មវិធី នៅក្នុងប្រទេសថៃ បានសម្ដែងនូវការកោតសរសើរ ចំពោះទេពកោសល្យ​របស់នាង ពោលគឺច្រៀងបានយ៉ាងល្អ ទាំងចម្រៀងជាភាសាខ្មែរ និងភាសាថៃ នៅក្នុងថ្ងៃហាត់សមឆាក ដើម្បីត្រៀមកម្មវិធីធំ គឺព្រឹត្តិការណ៍ប្រគំតន្ត្រីមិត្តភាពអាស៊ាន ឆ្នាំ២០១៩ នៅក្នុងប្រទេសថៃ។

គេនៅចាំបានថា តារាចម្រៀងស្រីស្រស់សោភា ​បាន មុន្នីល័ក្ខ បានទៅដល់ព្រះរាជាណាចក្រថៃ ​កាលពីថ្ងៃទី៣១ ខែកក្កដានេះ ដើម្បីចូលរួមច្រៀងក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី មិត្តភាពអាស៊ានឆ្នាំ២០១៩(Asean Friendship Concert 2019)។ ពេលទៅដល់ភ្លាម តារាស្រីរូបនេះ បានធ្វើការសាកល្បង សមភ្លេងរួមគ្នាអបដោយបទចម្រៀងថ្មីផ្ទាល់ខ្លួន ដ៏ទាក់ទាក់ និងការច្រៀងរួមគ្នាជាមួយតារាចម្រៀងថៃ បានយ៉ាងល្អរហូតផលិតករនៃកម្មវិធីនេះសរសើរ មិនដាច់ពីមាត់។

យ៉ាងហោចណាស់ មានបទចម្រៀងប្រមាណ៤បទ ដែលតារាចម្រៀងសំនៀងផ្អែមគ្រលួច បាន ​មុន្នីល័ក្ខ នឹងច្រៀងក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី ដែលមានតារាចម្រៀងតំណាងមកពីប្រទេស ក្នុងតំបន់អាស៊ាន និងចិនចូលរួម។ ក្នុងនោះបទចម្រៀងខ្មែរថ្មីចំនួន២បទគឺបទ «I am me» និងបទ «ពេញចិត្តនូវអ្វីដែលយើងមាន» ដែលជាបទនិពន្ធថ្មីអមដោយសំឡេងតន្ត្រី លាយបញ្ចូលគ្នារវាងឧបករណ៍តន្ត្រីបុរាណខ្មែរ និងតន្ត្រីសម័យ យ៉ាងពិរោះរណ្តំ។

តាមការបញ្ជាក់ របស់អ្នកសម្របសម្រួលកម្មវិធី​ម្នាក់ ដែលបានរួមដំណើរជាមួយតារាស្រី បាន មុន្នីល័ក្ខ បានលើកឡើងថា ផលិករនៃព្រះរាជាណាចក្រថៃ មានការពេញចិត្ត និងភ្ញាក់ផ្អើលជាខ្លាំង សម្រាប់បទចម្រៀងថ្មីដ៏មានអត្ថន័យ របស់តារាស្រីរូបនេះ។ ​អ្វីដែលកាន់តែពេញចិត្ត និងសរសើរមិនដាច់ពីមាត់ គឺក្រោយពី​តារាចម្រៀងតំណាងពីកម្ពុជារូបនេះ បានធ្វើការហ្វឹកហាត់សមឆាក ដំបូងនូវបទចម្រៀងល្បី ប្រចាំប្រទេសថៃមួយបទមានចំណងជើងថា «ចាកចេញពីស្រុកឲ្យនាងនៅតែម្នាក់ឯង» ដែលបទចម្រៀងនេះ នាងនឹងច្រៀងរួមជាមួយ តារាចម្រៀងថៃល្បីឈ្មោះ លោក Tachaya Pratumwan។ ក្រៅពីនេះនាងនឹងច្រៀងរួមជាមួយតារាចម្រៀង មកពីបណ្តាប្រទេសអាស៊ាន និងចិន នូវបទចម្រៀងជាភាសាអង់គ្លេស គឺបទ «Advancing Together As One»។

​សូមជម្រាបថា តារាចម្រៀងសំនៀងក្រអួនស្រីស្រស់សោភា ​បាន មុន្នីល័ក្ខ ត្រូវបានជ្រើសរើសជាតារាចម្រៀងតំណាងពីកម្ពុជា តាមរយៈស្ថានីយទូរទស្សន៍ ក្រសួងមហាផ្ទៃ Nice TV ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីទ្រង់ទ្រាយធំមួយ នៅមហោស្រព «Aksara Theatre King Power» នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នាទីក្រុងបាងកកប្រទេសថៃ។ កម្មវិធីនេះត្រូវបានរៀបចំដោយវិទ្យុថៃ នៅក្រោមនាយកដ្ឋានទំនាក់ទំនងសាធារណៈ របស់រដ្ឋាភិបាល ក្រោមការចូលរួមពីអ្នកចម្រៀងទាំង១០ ប្រទេសនៃតំបន់អាស៊ាន និងតារាចម្រៀងមកពីប្រទេសចិន​។ កម្មវិធីនេះក៏នឹងធ្វើការផ្សាយផ្ទាល់ និងចាក់ផ្សាយនៅលើបណ្តាញសង្គម វិទ្យុ និងទូរទស្សន៍ NBT របស់ថៃផងដែរ៕