(ក្រុងឡុងដ៍)៖ កីឡាករក្រុមហង្សក្រហម Liverpool បានមានឈ្នោះក្នុងបញ្ចីបេក្ខភាពប្រជែងពានរង្វាន់ The Best FIFA Man’s Player 2019 ដោយមានកីឡាករខ្សែប្រយុទ្ធ Sadio Mane, Mohamed Salah និងខ្សែការពារ Virgil van Dijk នេះបើតាមការចេញផ្សាយដោយ FIFA នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។

បេក្ខភាព ៣រូបរបស់ក្រុមជើងឯក UCL ឆ្នាំចាស់ដែលមកពី ៣ប្រទេសផ្សេងគ្នាមាន Sadio Mane របស់ក្រុមជម្រើសជាតិសេណេហ្គាល់, Mohamed Salah របស់ក្រុមជម្រើសជាតិអេហ្សើប និងខ្សែការពារ Virgil van Dijk របស់ក្រុមជម្រើសជាតិហូឡង់ នឹងឈរឈ្មោះជាបេក្ខភាពប្រជែងជាមួយកីឡាករឆ្នើម ៧រូបផ្សេងទៀតក្នុងចំណោម ១០នាក់ គ្រាដែលខ្លាចាស់ ២រូប Ronaldo និង Messi នៅតែបន្តមានឈ្មោះប្រជែងដដែល។

សម្រាប់បេក្ខភាព ១០រូបដែលមានឈ្មោះនោះរួមមាន៖
១៖ Cristiano Ronaldo (ព័រទុយហ្គាល់)
២៖ Frenkie de Jong (ហូឡង់)
៣៖ Matthijs de Ligt (ហូឡង់)
៤៖ Eden Hazard (ប៊ែលហ្ស៊ិក)
៥៖ Harry Kane (អង់គ្លេស)
៦៖ Sadio Mane (សេណេហ្គាល់)
៧៖ Kylian Mbappe (បារាំង)
៨៖ Lionel Messi (អាហ្សង់ទីន)
៩៖ Mohamed Salah (អេហ្សើប)
១០៖ Virgil van Dijk (ហូឡង់)។

គួរបញ្ជាក់ផងថា កាលពីឆ្នាំមុនពាននេះបានធ្លាក់ទៅលើខ្សែបម្រើប្រយុទ្ធក្រុម Real Madrid គឺកីឡាករ Luka Modric និងស្ថិតក្រុមជម្រើសជាតិក្រូអាត ហើយសម្រាប់លទ្ធផលនៃការបោះឆ្នោតពីសំណាក់អ្នកជំនាញ និងអ្នកគាំទ្រនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ៕