(ភ្នំពេញ)៖ លោក Luis Fernando Vitorino គ្រូបង្វឹកកីឡាករចាំទីរបស់ក្លឹបភ្នំពេញក្រោន ត្រូវបានអតីតក្លឹបជើងឯក ៦សម័យកាលនេះ បញ្ចប់កិច្ចសន្យាទៅហើយ បន្ទាប់ពីភ្នំពេញក្រោនបានប្រកួតចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៥-២ ក្នុងដីកាលពីចុងសប្ដាហ៍កន្លងទៅក្នុងលីគកំពូល។ នេះបើតាមការបង្ហោះសារលើបណ្ដាញសង្គមរបស់លោក Fernando កាលពីល្ងាចមិញ។

លោក Fernando បានសរសេរថា «ខ្ញុំសូមអគុណ! ដល់អ្នកគ្រប់គ្នា ដែលតែងតែគាំទ្រ និងផ្តល់ឱកាសដល់រូបខ្ញុំកន្លងមក ហើយខ្ញុំនៅតែមិនបោះបង់ការតាំងចិត្តរបស់ខ្ញុំ នៅតែមានការជឿជាក់លើបាល់ទាត់នៅទីនេះ។ អ្វីដែលខ្ញុំសប្បាយចិត្តនោះ គឺលទ្ធផលការងាររបស់ខ្ញុំមួយរយៈនេះ គឺខ្ញុំបានឃើញអ្នកចាំទី ២រូប ដែលស្ថិតក្រោមការបង្ហាត់របស់ខ្ញុំ គឺពួកគាត់បានចូលរួមជាមួយក្រុមជម្រើសជាតិ។ ខ្ញុំត្រូវចាកចេញពី PPCFC ពីព្រោះខ្ញុំគោរពតាមការសម្រេចចិត្តរបស់ក្លឹប»

គួរដឹងថា លោក Luis Fernando Vitorino គឺជាប្អូនប្រុសបង្កើតរបស់លោក Leonardo Vitorino អតីតគ្រូបង្គោលក្លឹបភ្នំពេញក្រោន ដែលត្រូវបានក្លឹបបញ្ចប់កិច្ចសន្យាមុនការកំណត់កាលពីខែឧសភា។ ប៉ុន្ដែមុនចាកចេញ លោក Fernando ក៏ធ្លាប់បានចូលរួមដឹកនាំក្រុម​យុវជននៃក្លឹបភ្នំពេញក្រោនកាលពីឆ្នាំ២០១៨ ដែរ មុនលោកឡើងមកក្រុមធំ ក្រោមការដឹកនាំរបស់បងប្រុសខ្លួនកាលពីដើមឆ្នាំ២០១៩ កន្លងទៅ៕