(ក្រុងម៉ូនិច)៖ ក្រុមបាល់ទាត់មាន់ខ្នាយមាស Tottenham Hotspur បានលើកពាន Audi Cup 2019 បន្ទាប់ពីយកឈ្នះ ក្រុមម្ចាស់ផ្ទះ Bayern Munich ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៦-៥ ក្រោយប្រកួតពេញម៉ោង ៩០នាទីស្មើគ្នា ២-២ នៃវគ្គផ្តាច់ព្រ័ត្រនាយប់មិញនេះ។

កីឡាករអន្តរជាតិអាហ្សង់ទីន Eric Lamela ជាអ្នករកបានតែ ១គ្រាប់ក្នុងរយៈពេល ៤៥នាទីនៃវគ្គទី១ ឲ្យក្រុមអង់គ្លេស Spurs មុនពេលត្រូវបានមិត្តរួមក្រុម Christian Eriksen រកបានគ្រាប់ទី២ ត្រឹមចាប់ផ្តើមលេងវគ្គទី២ បាន ១៤នាទី ខណៈដែលក្រុមម្ចាស់ផ្ទះ Bayern Munich ធ្វើការវាយបកតាមស្មើ ២-២ នៅនាទី៦១ និង នាទី៨១ ដែលធ្វើឲ្យការ សម្រេចទាត់បាល់ ១១ម៉ែត្រកើតមានឡើង ដោយពុំមានថែមម៉ោង ១៥នាទី ២ដងឡើយ។

ជាលទ្ធផលក្រុមភ្ញៀវ Tottenham ធ្វើសម្រេចបាន ៦គ្រាប់គ្រាដែលក្រុមម្ចាស់ផ្ទះ Bayern Munich ទាត់ចូលតែ ៥គ្រាប់ប៉ុណ្ណោះនៅកីឡដ្ឋាន Allianz Arena។ ក្នុងប្រកួតយប់មិញនេះដែរ ក្រុមអេស្ប៉ាញ Real Madrid ក៏បានដណ្តើមចំណាត់ថ្នាក់លេខ៣ ផងដែរ ជាមួយនឹងជ័យជម្នះ ៥-៣ ទៅលើក្រុមរបស់តួកគី Fenerbahce៕