(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នេះ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជូនកីឡាករចំនួន ១រូប គឺកីឡាករ ញ៉ូវ ចាន់ ដឹកនាំដោយលោក សោម សុទ្ធរិទ្ធិពង្ស ដែលជាគ្រូបង្វឹកទៅចូលរួមក្នុងការប្រកួតកីឡាទូកក្តោង Pesta Sukan Sailing 2019 ដែលមានសិង្ហបុរីធ្វើម្ចាស់ផ្ទះ។

ការប្រកួតនឹងប្រព្រឹត្តទៅពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាទូកក្តោងសិង្ហបុរី។ សម្រាប់ការប្រកួតនេះដែរ មានកីឡាករចូលរួមប្រមាណ ៥០នាក់ដែលមកពី ៤ប្រទេសផ្សេងគ្នារួមមានប្រទេសសិង្ហបុរី ម៉ាឡេស៊ី អូស្រ្តាលី និងកម្ពុជា។

កីឡាករ ញ៉ូវ ចាន់ នឹងចូលរួមការប្រកួតលើវិញ្ញាសា Laser Standard ដែលនេះគឺជាការប្រកួតជាលក្ខណៈអន្តរជាតិមួយ ដែលអាចអោយកីឡាករទូកក្តោងរបស់កម្ពុជា យើងអាចវាស់ស្ទង់ពីសមត្ថភាពជាមួយនឹងបណ្តាប្រទេសក្នុងតំបន់ និងត្រៀមដល់ការចូលរួមក្នុងពឹ្រត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០១៩ ដែលនឹងធ្វើឡើងនៅខែធ្នូ មានហ្វីលីពិនម្ចាស់ផ្ទះផងនោះ៕