(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃមកនេះ អ្នកគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជា បានចាប់អារម្មណ៍ ចំពោះក្លឹបគិរីវង់សុខសែនជ័យ ក្រោយប្រកាសផ្លាស់ប្ដូរនិមិត្តសញ្ញាថ្មីរបស់ក្លឹប ដោយប្ដូរពីរូប «សត្វនាគ» ជំនួសវិញដោយរូប «មាន់គក»។ ទន្ទឹមជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំក្លឹបក៏បានបញ្ជាក់អំពីការប្រើប្រាស់រូបនិមិត្តសញ្ញាថ្មីនេះដែរ។

លោក ឌុក វាសនា អ្នកចាត់ការទូទៅក្លឹបមានមូលដ្ឋាននៅខេត្តតាកែវបានបញ្ជាក់ថា ការប្ដូរមកប្រើប្រាស់រូបមាន់គតនេះ គឺដើម្បីជាការរំលឹកគុណសម្ដេច សុខ អាន ដែល​ជាស្ថាបនិក និងជំរុញការអភិវឌ្ឍន៍ក្លឹបមួយនេះតាំងពីដំបូង មុនសម្ដេចបានទទួលមរណភាពកាលពីឆ្នាំ២០១៧។ ម្យ៉ាងមាន់គក ត្រូវបានចាត់ទុកជាស្ដេចមាន់ ដែលតំណាងឲ្យភាពក្លាហាន ភាពស្វាហាប់ រហ័សរហួន ប្រុងប្រយ័ត្ន វាងវៃ និងវិន័យ។

បន្ថែមលើនេះ រូបនីមួយៗក្នុងនិមិត្តសញ្ញាថ្មីសុទ្ធតែបង្កប់ដោយអត្ថន័យ ក្នុងគោលដៅរួបរួមគ្នាអភិវឌ្ឍន៍ឆ្ពោះទៅរកភាពរីកចម្រើនជាមួយពាក្យស្លោក «រួមគ្នា ដើម្បីទាំងអស់គ្នា ឬ Stronger Together»។ បន្ទាប់ពីផ្លាស់ប្ដូរនិមិត្តសញ្ញាថ្មីហើយ ក្លឹបរំពឹងថា នឹងក្លាយជាកម្លាំងចលករមួយជំរុញទឹកចិត្តកីឡាករឲ្យកាន់តែខិតខំប្រឹង និងទាក់ទាញការគាំទ្ររបស់ប្រជាពលរដ្ឋមកគាំទ្រក្លឹប និងចូលរួមលេងកីឡាកាន់តែច្រើន។

គួរបញ្ជាក់ថា ក្លឹបគិរីវង់សុខសែនជ័យ បានបង្កើតឡើងកាលពីដើមឆ្នាំ២០០៧ ហើយបានចូលរួមលេងលីគកំពូលកម្ពុជាលើកដំបូងកាលពីឆ្នាំ២០០៨។ បច្ចុប្បន្នក្លឹបនេះ មានលោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាប្រធានក្លឹប និងលោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាអនុប្រធាន៕