(ភ្នំពេញ)៖ កម្មវិធី «Fashion Night» គឺជាកម្មវិធីថ្មីមួយ មានការចូលរួមបង្ហាញម៉ូតដោយតារាម៉ូដែលប្រុសស្រីល្បីៗជាច្រើនរូប ដែលធ្លាប់ចេញទៅប្រកួតលើឆាកអន្តរជាតិ មកបង្ហាញ Collections ថ្មីៗ ដែលជាស្នាដៃច្នៃប្រឌិតដោយកូនខ្មែរសុទ្ធសាធ។ កម្មវិធីនេះទៀតសោត បានបង្កើតឡើងដោយ Cheers Club មានទីតាំងនៅផ្លូវ Pub Street ខេត្តសៀមរាប តែអ្វីដែលគ្រប់គ្នាចាប់អារម្មណ៍ គឺទើបតែធ្វើឡើងលើកទី១ប៉ុណ្ណោះ ស្រាប់តែទទួលបានការគាំទ្រច្រើនពីសំណាក់ភ្ញៀវកិត្តិយសនៅទីនោះ ព្រោះគ្រាន់តែតារាម៉ូដែលបង្ហាញវត្តមានភ្លាម ទាំងភ្ញៀវជាតិ-អន្តរជាតិ បង្ហាញពីអារម្មណ៍ប្លែក និងចូលរួមទស្សនាយ៉ាងជក់ចិត្តផងដែរ ព្រោះកម្មវិធីនេះ ប្លែក មិនធ្លាប់មានពីមុនមកនៅក្នុង Cheers Club ។

បើតាមលោក សន វុទ្ធី អ្នកបង្កើតកម្មវិធី «Fashion Night» និងជាអ្នកគ្រប់គ្រងទូទៅក្នុង Cheers Club ខេត្តសៀមរាប បានឲ្យដឹងថា នេះគឺជាលើកទី១ហើយ ដែលក្លឹបរបស់លោក បានបង្កើតកម្មវិធីនេះឡើង ដោយក្នុងគោលបំណង គឺដើម្បីបង្ហាញម៉ូតសម្លៀកបំពាក់ច្នៃប្រឌិតថ្មីៗ និងជួយលើកតម្កើងស្នាដៃច្នៃម៉ូតរបស់កូនខ្មែរ ក៏ដូចជាអ្នករចនាម៉ូតទូទាំងប្រទេសផងដែរ។ កាន់តែពិសេសជាងនេះ គឺចង់ឲ្យភ្ញៀវនៅទីនោះ បានទស្សនានូវទស្សនីយភាពថ្មីប្លែកអារម្មណ៍ ព្រោះគិតថា ក្លឹបមិនត្រឹមតែជាកន្លែងកំសាន្តអារម្មណ៍ប៉ុណ្ណោះទេ ពោលក៏អាចជាកន្លែង ដែលអាចផ្តល់ឱកាសឲ្យអ្នកមានគំនិតច្នៃម៉ូត បង្ហាញស្នាដៃរបស់ខ្លួន តាមរយៈកម្មវិធី «Fashion Night» នេះថែមទៀត។

ដោយខេត្តសៀមរាប គឺជាខេត្តដែលមានភ្ញៀវទេសចរណ៏មកទស្សនាច្រើនជាងគេបង្អស់ក្នុងប្រទេសកម្ពុជាយើង ហើយ Cheers Club គឺមានទីតាំងដែលល្អបំផុត ដែលស្ថតិនៅតាមដងផ្លូវនៃ Pub Street នៅចំកណ្តាលខេត្តសៀមរាបផងនោះ ទើបសម្រេចបង្កើតកម្មវិធីនេះឡើង និងទទួលបានការគាំទ្រច្រើន និងជោគជ័យតែម្តង។ ដោយក្នុងនោះ គ្រប់តារាបង្ហាញម៉ូត ដែលមានវត្តមាននៅទីនោះ ភាគច្រើនសុទ្ធសឹងតែមានបទពិសោធន៍ប្រកួតក្នុងកម្មវិធីធំៗលំដាប់អន្តរជាតិ និងមួយចំនួនទៀតក៏កំពុងត្រៀមខ្លួនទៅប្រកួតលើឆាកអន្តរជាតិផងដែរ។

លោក សន វុទ្ធី បានបន្ថែមថា ក្នុងកម្មវិធី «Fashion Night» នេះ គឺភ្ញៀវកិត្តិយសបានទស្សនាការបង្ហាញម៉ូតចំនួន ២ Collections ដែលជាស្នាដៃរចនាដោយ ឋានន្តរ៍ឌីហ្សាញ ដែលបង្ហាញដោយតារាម៉ូដែលល្បីៗច្រើនរូប។ ដោយមានការជោគជ័យខ្លាំងលើសពីការរំពឹងទុក លោកថា មានការរៀបចំជាបន្តបន្ទាប់ ខណៈបើតាមគម្រោងប្រហែលជារៀបចំមួយខែម្តង ចំពោះកម្មវិធី «Fashion Night»។ ដូចនេះហើយ ចំពោះអ្នកដែលមានស្នាដៃរចនាម៉ូតសម្លៀកបំពាក់ថ្មីៗ អាចទាក់ទងទៅលោកបាន ដើម្បីបង្ហាញពី Collections របស់ខ្លួន តាមរយៈកម្មវិធីនេះ។

លោកសង្ឃឹម និងជឿជាក់ថា កម្មវិធី «Fashion Night» នឹងបង្កើតឲ្យបានជារៀងរាល់ខែនៅ Cheers Club ខេត្តសៀមរាប ជាមួយនឹងការចូលរួមពីបណ្តា​បងប្អូនអ្នកច្នៃម៉ូតក្នុងស្រុកទាំងអស់ ទាំងការច្នៃពីសូត្រ ហូល ផាមួង ក្រម៉ារ និងរបស់របរផ្សេងៗ ដែលជារបស់ខ្មែរផ្ទាល់៕