(បរទេស)៖ តារាចម្រៀង Katy Perry បានបញ្ចេញបទចម្រៀង១បទ កាលពីឆ្នាំ២០១៣ មានចំណងជើងថា «Dark Horse» ដែលត្រូវបានគេចោទប្រកាន់ថា បានចម្លងពីបទភ្លេងចម្រៀង «Joyful Noise» របស់តារាច​ម្រៀងរ៉េប Marcus Gray ដែលមានឈ្មោះថា Flame ហើយត្រូវបានតុលាការសម្រេច នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះថា តារាស្រីរូបនេះ ពិតជាបានលួចចម្លងពី «Joyful Noise» មែន។

ការសម្រេចចិត្តកាត់ក្ដីនេះ ធ្វើឡើង បន្ទាប់ពីមានការជំនំជម្រះក្ដី រយៈពេល១សប្ដាហ៍នៅឯតុលាការរដ្ឋឡូសអាន់ជឺលេស រួមមានទាំងការបង្ហាញខ្លួនពី Katy Perry ផ្ទាល់ ដោយបានចូលខ្លួនស្រាយបំភ្លឺរយៈពេល ៣៥ នាទី។

នៅក្នុងការស្រាយបំភ្លឺរបស់នាង Perry បាននិយាយថា អ្នកចូលរួមនិពន្ធ Lukas Gottwald និង Henry Walter បានយកបទភ្លេងរបស់នាងស្ដាប់ ដែលបទភ្លេងនេះ មានលាយបញ្ចូលធាតុផ្សំខ្លះនៃបទចម្រៀង «Joyful Noise» ហើយ Katy Perry មិនបានដឹងនោះទេ។

ចំណែកឯអ្នកចូលរួមនិពន្ធចម្រៀង Joyful Noise មានឈ្មោះថា Emmanuel Lambert Jr. បាននិយាយថា បទចម្រៀងនេះមានភាពល្បីខ្លាំង និងមានយ៉ាងទូលំទូលាយ នៅលើសេវាកម្មស្ដាប់ចម្រៀងអនឡាញ ដូច្នេះ អ្នកនិពន្ធបទចម្រៀង «Dark Horse» ប្រាកដជាបានលឺវាពីមុនមក។ ទោះបីជាតុលាការបាន​សម្រេច​ថា​ Katy Perry ​ចាញ់​ក្ដី​នេះ​មែន ប៉ុន្តែ​ការ​ពិន័យ​ជា​ទឹក​ប្រាក់​ នៅ​មិន​ទាន់បាន​សម្រេច​នៅ​ឡើយ​ទេ៕