(ក្រុងឡុងដ៍)៖ នាពេលថ្មីៗនេះក្លឹបបាល់ទាត់ Everton បានព្រមព្រៀងទិញយកកីឡាករខ្សែប្រយុទ្ធ Moise Kean ចេញពីក្លឹបសេះបង្កង់ Juventus ក្នុងតម្លៃប្រមាណ ៣៦លានផោន ដែលស្មើនឹង ៤៥លានដុល្លារ សម្រាប់ត្រៀមការប្រជែងពាន Premier League រដូវកាលឆ្នាំ២០១៩-២០២០ ខាងមុខ។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។

ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំ Moise Kean ត្រូវបានក្លឹបស្ករគ្រាប់ Everton មានបំណងក្នុងការនាំមកកាន់កីឡដ្ឋាន Goodison Park ក្នុងតម្លៃ ៤៥លានដុល្លារជាយូរមកហើយ ក្រោយពេលរូបគេបានបង្ហាញខ្លួនយ៉ាងល្អនៅប្រទេសអ៊ីតាលីពីការរកបាន ៨គ្រាប់ពីការចូលលេងបាន ២១ប្រកួត គ្រាដែលគ្រូបង្វឹក Marco Silva ក៏បានលើកឡើងដែរថា «លោកចង់ទិញខ្សែប្រយុទ្ធឲ្យបាន ៥រូប មុនពេលទីផ្សារដោះដូរត្រូវបានបិទនាខែសីហាខាងមុខនេះ»

គួរបញ្ជាក់ផងថា កីឡាករខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអ៊ីតាលី Moise Kean ធ្លាប់ឈ្នះពានរង្វាន់ Serie A ២ដងជាមួយក្រុមសេះបង្កង់ Juventus និងពាន Coppa Italia, Supercoppa Italiana, និងពានរង្វាន់យុវជន Youth Viareggio Cup កាលឆ្នាំ២០១៦ និងពេលបច្ចុប្បន្នក៏រកបាន ២គ្រាប់ ក្នុងចំណោម ៣ប្រកួតឲ្យក្រុមជម្រើសជាតិអ៊ីតាលីទៀតផង៕