(ភ្នំពេញ)៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៥ឆ្នាំកម្ពុជា ស្ទើរតែបាត់បង់ឱកាសប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៅហើយ បន្ទាប់ពីបន្ដបរាជ័យក្នុងការប្រកួតពានរង្វាន់ AFF U-15 Championship 2019 នៅខេត្តឈុនបូរី ប្រទេសថៃ កាលពីល្ងាចមិញ។

ការប្រកួតទី២ នេះ ក្រុមយុវជន U-15 កម្ពុជា បានទប់ទល់ស្មើក្រុមកំពូលតារាងម៉ាឡេស៊ី ០-០ នៅតង់ទី១ ។ ប៉ុន្ដែតង់ទី២ ក្រុម U-15 ម៉ាឡេស៊ី បានព្យាយាមដាក់សម្ពាធលើកម្ពុជា រហូតរកបាន ២គ្រាប់ ហើយលទ្ធផលនេះ បានរក្សារហូតចប់ការប្រកួតពេញម៉ោង ៨០នាទី។

នេះគឺជាការបរាជ័យលើកទី២ ក្នុងចំណោម ២ប្រកួតបើកឆាកពូល B បន្ទាប់ពីចាញ់ U-15 អូស្ដ្រាលី ៣-១ ដែលធ្វើឲ្យក្រុមគោព្រៃជំទង់កម្ពុជា សល់ឱកាសតិចតួចបំផុត ក្នុងការសម្លឹងកៅអីវគ្គបន្ដ ដ្បិតសល់ ៣ប្រកួតក្នុងដៃក៏ដោយ។ រីឯក្រុមពូលជាមួយគ្នា បច្ចុប្បន្នម៉ាឡេស៊ី ថៃ និងអូស្ដ្រាលី កំពុងមាន ៦ពិន្ទុស្មើគ្នា ក្រោយឈ្នះ ២ប្រកួតផ្ទួនៗ។

សម្រាប់ប្រកួតបន្ទាប់ក្រុម U-15 កម្ពុជា ត្រូវជួបក្រុមខ្លាំងថៃ នាថ្ងៃទី០១ ខែសីហាស្អែកនេះ ។ ការប្រកួតនេះ បើសិនក្រុមលោក Inoue Kazunori បន្ដចាញ់ នោះកម្ពុជានឹងបាត់បង់ឱកាសប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែម្ដង៕