(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង បានបង្កក្ដីបារម្ភដល់គូប្រជែងកាន់តែខ្លាំង បន្ទាប់ពីពួកគេ បានបំបាក់ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ៥-២ ក្នុងជំនួបជើងទី២ នៃលីគកំពូល​កម្ពុជានៅកីឡដ្ឋាន RSN កាលពីយប់មិញ។

ក្នុងការប្រកួតដ៏កក្រើក ដោយមានអ្នកទស្សនាជិត ៦,០០០នាក់នេះ ព្រះខ័នរាជស្វាយរៀង ធ្វើបានយ៉ាងល្អ រហូតទទួលបានការសរសើរមិនដាច់ពីមាត់ពីអ្នកគាំទ្រ តាមរយៈការវាយបកស្ទើរមិនគួរឲ្យជឿចំនួន ៥គ្រាប់ផ្ទួនៗ បន្ទាប់ពីត្រូវក្រុមម្ចាស់ផ្ទះនាំមុខ ១-០។ ៥គ្រាប់ធ្វើឲ្យពួកគេស្ពាយ ៣ពិន្ទុទៅផ្ទះវិញ ធ្វេីបានសម្រេចដោយកីឡាករ សួន សុវណ្ណ, សារ៉េត គ្រីយ៉ា, Campbell, Privat និង ហួយ ផល្លីន មុនកីឡាករភ្នំពេញក្រោន វាយបកបាន ១គ្រាប់វិញ នៅចុងម៉ោង។

នេះគឺជាជ័យជម្នះមួយដ៏អស្ចារ្យ ដែលកើតឡើងក្រៅដី និងធ្វើឲ្យគូប្រជែងតំណែងជើងឯកមានការបារម្ភ ដ្បិតក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ បានបង្ហាញភាពខ្លាំង មិនត្រឹមតែការប្រកួតក្នុងដីនោះទេ គឺខ្លាំង ទាំងក្រៅដីទៀតផង។ ជាក់ស្ដែងរហូតមកទល់ពេលនេះ ព្រះខ័នរាជស្វាយរៀង នៅមិនទាន់ស្គាល់ពាក្យចាញ់ក្នុងការប្រកួតឡើង ក្រោយឆ្លងកាត់ ១៧ប្រកួត​ ឈ្នះ១៤ និងស្មើ៣ មាន ៤៥ពិន្ទុឈរកំពូលតារាង។

ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលមួយទៀត ជំនួបដ៏ជក់ចិត្តលើទឹកដីភ្នំពេញក្រោននេះ បានបំបែកកំណត់ត្រាក្លឹបវិសាខា ដែលបើកទ្វារផ្ទះទទួលក្លឹបភ្នំពេញក្រោន កាលពីថ្ងៃទី២១ ខែកក្កដា តាមរយៈការទាក់ទាញអ្នកគាំទ្ររហូត ៥,៨៦៣នាក់ចូលរួមទស្សនាផ្ទាល់នៅកីឡដ្ឋាន RSN ច្រើនជាងក្លឹបវិសាខា ប៉ះភ្នំពេញក្រោនថ្ងៃមុន ដែលមានអ្នកទស្សនាត្រឹម ៥,៥១២នាក់ប៉ុណ្ណោះ៕