(ភ្នំពេញ)៖ លោក ជា បូរ៉ា អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនគោលកម្ពុជាបានលើកឡើងថា ខណៈពេលនេះសហព័ន្ធខ្លួនកំពុងខិតខំអភិវឌ្ឍន៍ និងបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីសម្រួចទិសដៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាវាយកូនគោលដណ្ដើម «ពានរង្វាន់សម្ដេចពិជ័យសេនា ទៀ បាញ់» ឆ្នាំ២០១៩ កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដានេះ នៅមជ្ឈមណ្ឌល The Premier Sen Sok ដោយមានការចូលរួមផ្ទាល់ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា។

អគ្គលេខាធិការសហព័ន្ធខាងលើបន្ដថា តាមរយៈព្រឹត្តិការណ៍នេះបានផ្សព្វផ្សាយអំពីកីឡាទេសចរណ៍ និងបំផុសសកម្មភាពកីឡាជាតិ ពិសេសកីឡាវាយកូនគោល ខណៈសហព័ន្ធបាននឹងកំពុងសម្រួចការអភិវឌ្ឍន៍វិស័យកីឡាមួយនេះ ក្នុងគោលដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ លើសពីនេះ ក៏បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

លោកបន្ដថា «បច្ចុប្បន្ន សហព័ន្ធកីឡាវាយកូនគោលកម្ពុជា កំពុងរៀបចំខ្លួនកសាងសមត្ថភាព និងគុណផលកីឡាឱ្យបានល្អរឹងមាំ ស្របតាមផែនការ កំណែទម្រង់ និងផែនការយុទ្ធសាស្រ្ត ៤ឆ្នាំរំកិល របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគឺ «កម្ពុជាឆ្ពោះទៅរកគុណផលកីឡាកម្រិតខ្ពស់»។ ក្នុងន័យនេះ ខ្ញុំបាទសង្ឃឹមជឿជាក់ថា នាថ្ងៃអនាគតកីឡាវាយកូនគោលកម្ពុជានឹងមានការរីកចម្រើនឆ្ពោះទៅកាន់ភាពជោគជ័យ ក្នុងការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣»

គួរដឹងថា ពានរង្វាន់វាយកូនគោលសម្ដេចពិជ័យសេនា ទៀ បាញ់ ឆ្នាំ២០១៩ មានថ្នាក់ដឹកនាំ និងកីឡាករ-កីលាការិនីជាតិ និងអន្ដរជាតិសរុប ២១២នាក់ចូលរួម ពិសេសផ្ដល់កិត្តិយសចូលរួមពីសម្ដេច ៣រូប រួមមានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋភាជាតិ, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធ។

ចំពោះលទ្ធផលការប្រកួត សម្រាប់វិញ្ញាសាជាក្រុមបុរស ជើងឯកបានទៅក្រុមលោក ប៉ុល សារឿន ជាមួយកីឡាករ អ៊ុក ប្រាថ្នា និងកីឡាករ អ៊ុក ក្មួច ខណៈជើងឯករង បានទៅក្រុមលោក មួន សារ៉ន ជាមួយលោក ភូ ផារិទ្ធ និលោក ហម វ៉ាន់ថា និងលេខ៣ បានទៅក្រុមលោក មាស សាវ៉ន ជាមួយលោក ផន ណារ៉ា និងលោក សោម បូរីរក្ស។

រីឯវិញ្ញាសាឯកត្តជនបុរសប្រភេទទី១ ជើងឯកកីឡាករ ស សិទ្ធិ ខណៈជើងឯករង កីឡាករ ឈិន ចាន់សង្ហា និងលេខ៣ កីឡាករ នី លីស្រ៊ាង ហើយវិញ្ញាសាឯកត្តជនបុរសប្រភេទទី២ ជើងឯកកីឡាករ Thong Sokhamphou, ជើងឯករង កីឡាករ Chom Sambo និងលេខ៣ កីឡាករ Chun Sam Ann។ ឯវិញ្ញាសាឯកត្តជននារីប្រភេទទី១ ជើងឯកកីឡាការិនី Kann Cong និងជើងឯករង កីឡាការិនី Chenny Ly គ្រាដែលវិញ្ញាសាឯកត្តជននារីប្រភេទទី២ ជើងឯកកីឡាការិនី Veng Sambo និងជើងឯករង កីឡាការិនី Pov Chnna៕