(ភ្នំពេញ)៖ ដូចដែលទស្សនិកជនបានជ្រាបរួចមកហើយ ថាតារាសម្តែងស្រី ប៊ូ ច័ន្ទដាណែត ជាតារាពន្លកថ្មី ឈានចូលក្នុងវិស័យសិល្បៈ ទើបតែបាន២ឆ្នាំក៏ពិតមែន តែនាងហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន មិនចាញ់តារាសម្តែងផ្សេងៗប៉ុន្មានទេ ជាពិសេសលេចធ្លោរខ្លាំង ក្រោយសម្តែងតួកាចឆ្នាស់ ឈ្នានីសក្នុងរឿង «ផ្កាថ្ម» ដែលបញ្ចាំងហើយ និងរឿង «មុខកាំបិតមុខស្នេហ៍» ដែលសុទ្ធតែបានតំណាងធំៗក្នុងរឿង។ ទន្ទឹមនឹងទីផ្សារសិល្បៈលើកកូដខ្លាំង តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» សម្រាប់រឿងស្នេហ៍វិញ ត្រូវបានតារាស្រីរូបនេះ ទម្លាយថាមិនចាប់ចិត្តលើអ្នកសិល្បៈដូចគ្នានោះទេ ពោលគឺស្រឡាញ់អ្នកក្រៅសិល្បៈ អាចជាអ្នកធ្វើការ រកស៊ីជាដើម ដែលមានភាពចាស់ទុំ ដើម្បីមកធ្វើជាគូអនាគត។

ថ្លែងក្នុងបទសម្ភាសន៍របស់កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» កញ្ញា ប៊ូ ច័ន្ទដាណែត បានឲ្យដឹងថា បច្ចុប្បន្នក្រៅពីប្រឡូកក្នុងការងារសិល្បៈ ក៏បន្តការសិក្សា ទោះមិនសូវជាទំនេរក្តី តែនៅតែបន្ត ព្រោះចំណេះដឹងគឺសំខាន់បំផុតសម្រាប់នាងផ្ទាល់។ ដោយឡែក ងាកមមកទំនាក់ទំនងជាមួយនឹងមិត្តភ័ក្តនៅសាលារៀន គឺរួសរាយរាក់ទាក់ដាក់មនុស្សជុំវិញខ្លួនធម្មតា ពោលគឺមិនបានប្រកាន់ខ្លួន ជាតារាល្បីនោះទេ។ និយាយដល់ចំណុចនេះ ពិធីការបានចោទសួរទៅនាងថា ធ្លាប់មានមិត្តរួមថ្នាក់សារភាពស្នេហ៍ទៅកាន់ឬអត់? ស្រីស្រស់ទឹកមុខកាចឆ្នាស់រូបនេះ បានបង្ហាញថា តាមពិតទៅមិនមាននោះទេ ពោលគ្រាន់តែមានការរាប់អានគ្នាធម្មតាតែប៉ុណ្ណោះ។

ទោះបែបនេះក្តី តារាសម្តែងស្រី ប៊ូ ច័ន្ទដាណែត បានបន្តថា ចំពោះរឿងស្នេហាធ្លាប់មានអ្នកទាក់ទងសុំស្រឡាញ់ច្រើនដែរ តែមិនទាន់គិតគូ បើនិយាយឲ្យចាំទៅ គឺកំពុងពិចារណាមើលសិន ថាត្រូវជ្រើសរើសយកមួយណា។ ការនិយាយបែបនេះ ព្រោះនាងអះអាងថាមិនចង់យកមកហើយខុសទេ ព្រោះថាស្រឡាញ់មនុស្សម្នាក់គឺចង់យកជាគូអនាគតតែម្តង។ មិនបង្អង់យូរ ដាណែត បង្ហើបថា ទោះយ៉ាងណាក៏ដោយ មនុស្សដែលនាងប្រាថ្នាមិនមែនជាអ្នកសិល្បៈនោះទេ ព្រោះសម្រាប់នាងផ្ទាល់មិនស្រឡាញ់ដាច់ខាតចំពោះអ្នកសិល្បៈដូចគ្នា ប៉ុន្តែចង់បានអ្នកជំនួញ ឬធ្វើការងារក្រៅពីសិល្បៈ ទើបជាមនុស្សក្នុងក្តីស្រមៃរបស់នាង។

គួរជម្រាបថា ប៊ូ ច័ន្ទដាណែត បានប្រឡូកក្នុងវិថីសិល្បៈនៅឆ្នាំ ២០១៧ ពោលគឺបើគិតមកទល់នឹងពេលនេះគឺទើប តែបាន ២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែបើងាកមកសន្ទុះទីផ្សារវិញ គឺមិនចាញ់តារាផ្សេងៗទៀតប៉ុន្មានទេ បើនិយាយឲ្យចំសឹង តែស៊ីដាច់តារាមួយចំនួនហើយ ដោយសារសមត្ថភាព ទេពកោសល្យនៅការសម្តែង ខណៈភាគច្រើន ទទួលបាន តំណែងជាតួសំខាន់ៗក្នុងខ្សែភាពយន្ត។ អ្វីដែលពិសេស នាងមានជំនាញសម្តែងជាតួឯកស្រី នៅក្នុងរឿង «រវាងយើង» ដែលទទួលបានរហូតដល់៤តួអង្គ និង ៤អត្តចរិត ក្នុងពេលតែមួយទៀតផង ទាំងនេះអាចបង្ហាញថា ទោះទើបប្រឡូកសិល្បៈ តែមានសមត្ថភាពល្អ គួរឲ្យសរសើរ៕