(ភ្នំពេញ)៖ តារាចម្រៀងស្រីជួរមុខប្រចាំផលិតកម្មសាន់ដេ ស្រីស្រស់សម្រស់ផូរផង់ សុខ ពិសី នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងដដែលពីសំណាក់មហាជន បន្ទាប់ពីតារាស្រីរូបនេះ បានបង្ហាញខ្លួន ក្នុងឈុតឆាកស្នេហាបែបមនោសញ្ចេតនា ដោយបានសម្ដែងរួមគ្នាជាមួយតារាចម្រៀងប្រុសរួមទ្រនំ គឺ លោក ឆាយ វិរៈយុទ្ធ ក្នុងចម្រៀង «ក្ដីសុខបណ្ដោះអាសន្ន» បង្ហាញពីស្នេហាយុវវ័យពីរសម័យកាលខុសគ្នា។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ ចម្រៀងដែលច្រៀងដោយ ឆាយ វិរៈយុទ្ធ និងចូលរួមសម្ដែងដោយតារាមុខមានមន្តស្នេហ៍ សុខ ពិសី ទទួលបានការគាំទ្រច្រើនពីទស្សនិកជន គួរឲ្យកត់សម្គាល់ ដោយមានចំនួនអ្នកចូលទស្សនា កើនឡើងជាលំដាប់ ទាំងក្នុងបណ្ដាញសង្គមយក្សYouTube និងបណ្ដាញសង្គម Facebook ហើយក៏មានអ្នកគាំទ្រ ចែករំលែកតៗគ្នា ផងដែរ។

ជាការពិតណាស់ នេះមិនមែនជាលើកដំបូងឡើយ ដែលតារាចម្រៀង បែបយុវវ័យ សុខ ពិសី ប៉ះគ្នាជាមួយលោក ឆាយ វិរៈយុទ្ធ ខណៈកាលពីកន្លងទៅ ដៃគូដ៏ស័ក្តិសមមួយគូនេះ ក៏ធ្លាបបានសម្ដែងរួមគ្នារួចមកហើយ ក្នុងបទចម្រៀងជាច្រើន ជាពិសេសបទដែលតារាទាំងពីរ សម្ដែងរួមគ្នា សុទ្ធសឹងតែទទួលការគាំទ្រយ៉ាងច្រើនពីមហាជន ជាក់ស្ដែងដូចជា បទចម្រៀងក្នុង Album ខ្សែរឿងស្នេហា៣បទ «ស្រឡាញ់អូនមួយពេលស្រឡាញ់គេមួយជីវិត»,«ហេតុអ្វីយកអូនលេងសើច» ,«នឹកតែមិនអាចជួប» ពិតជាមានការគាំទ្រ ពីមហាជន។

តោះចង់ដឹងថា «ក្ដីសុខបណ្ដោះអាសន្ន» ដែលបង្ហាញពីស្នេហា ២សម័យកាល មានខ្លឹមសារបែបណា សូមទស្សនាវីដេអូខាងក្រោម៖