(ភ្នំពេញ)៖ កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ នឹងត្រូវរៀបចំពិធីដំឡើងថាសកៅអីបេតុងចុងក្រោយ ដែលជានិមិត្តរូប​នៃការលេចចេញជារូបរាងកីឡដ្ឋានធំនាព្រឹកថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នឹងឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃ អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ថ្នាក់ដឹកនាំ មន្ដ្រីកីឡា និងកីឡាករ-កីឡាការិនីជាច្រើន ក្នុងឱកាសដ៏វិសេសវិសាលខាងលើនាថ្ងៃចន្ទដើមសប្ដាហ៍ក្រោយ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ថែមថា មកទល់ពេលនេះ ការសាងសង់កីឡដ្ឋានធំ ដែលជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ប្រើប្រាស់ក្នុងពិធីបើក-បិទកីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗ បានសម្រេចសមិទ្ធផលមួយចំនួនធំហើយ ក្រោមការយកចិត្តទុកដាក់សាងសង់របស់ក្រុមហ៊ុនសាងសង់ និងគណៈកម្មការអន្ដរក្រសួង ពិសេសការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន។

ដូច្នេះនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ ក្រុមហ៊ុនសាងសង់ នឹងធ្វើការដំឡើងថាសកៅអីបេតុងចុងក្រោយជានិមិត្តរូប នៃការលេចចេញជារូបរាងរបស់កីឡដ្ឋានធំ ដែលនឹងបង្ហាញឲ្យឃើញកាន់តែអស្ចារ្យនូវពហុកីឡដ្ឋានជាតិមរកតតេជោ សម្រាប់ទទួលការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះលើកដំបូង ហើយនេះគឺជាសមិទ្ធផលប្រវត្តិសាស្ដ្រ ដែលកើតឡើងក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី។ លោក វ៉ាត់ ចំរើន បន្ថែម។

គួរបញ្ជាក់ថា កីឡដ្ឋានធំ ដែលសាងសង់លើផ្ទៃដីទំហំ ១៦.៤ហិកតាខាងលើ គឺស្ថិតក្នុងការសាងសង់ដំណាក់កាលទី២ របស់ពហុកីឡដ្ឋានជាតិមរតកតេជោ ដោយបានសម្ពោធបើកការសាងសង់ កាលពីដើមខែមេសា ឆ្នាំ២០១៧ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០។ កីឡដ្ឋានស្ដង់ដារអន្ដរជាតិនេះ អានផ្ទុកអ្នកទស្សនាបាន ៦ម៉ឺននាក់ ហើយមានច្រកសុវត្ថិភាព អាចដំដោះអ្នកគាំទ្រទាំងអស់ត្រឹមតែ ៧នាទីប៉ុណ្ណោះ។

ដោយឡែកដំណាក់កាលទី១ រួមមានមណ្ឌលកីឡាហែលទឹកអន្ដរជាតិ, មណ្ឌលកីឡាក្នុងសាល, អាគារស្នាក់នៅកីឡា, តារាងបាល់ទាត់សម្រាប់កម្ដៅសាច់ដុំ, តារាបាល់ទះ, តារាងបាល់បោះ, តារាងកីឡាវាយកូនបាល់ និងសាលហាត់កីឡាប្រយុទ្ធ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ តាំងពីខែមេសា ឆ្នាំ២០១៧ ម្ល៉េះ។ រីឯដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយនៃពហុកីឡដ្ឋានជាតិមរតកតេជោ នឹងចាប់ផ្ដើមសាងសង់ ក្រោយបញ្ចប់ការសាងសង់កីឡដ្ឋានធំ ឬ Main Stadium៕