(ម៉ាឌ្រីដ)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Gareth Bale ជិតផ្លាស់ចេញពីក្លឹបយក្សអេស្ប៉ាញ Real Madrid មែនទែន បន្ទាប់ពីមានថ្នាក់ដឹកនាំនៃក្លឹប Jiangsu Suning ដែលកំពុងលេងក្នុងលីគកំពូលនៃប្រទេសចិនធ្វើការទាក់ទង។

យោងតាមប្រភពចេញពីប្រទេសអេស្ប៉ាញបានបញ្ជាក់ថា តារាជើងស៊ុតរបស់វ៉េលខាងលើកាន់តែប្រកៀកក្នុងចាកចេញ ពីទឹកដី Santiago Bernabeu មុនចាប់ផ្តើមរដូវកាលឆ្នាំ២០១៩-២០២០ នាខែក្រោយនេះ ទោះបីជាមិនទាន់ត្រូវបាន បញ្ចប់ក៏ដោយ។

ទន្ទឹមគ្នានោះ លោក Zinedine Zidane ដែលជាអ្នកចាត់ការទូទៅ Real Madrid ក៏បានបញ្ជាក់ផងដែរថា «កីឡាករវ័យ ៣០ឆ្នាំ Bale កាន់តែប្រកៀកក្នុងការចាកចេញពី Real Madrid បន្ទាប់ពីរូបគេបានចាកចេញពីជំរុំហ្វឹកហាត់ ក្រោយប្រកួតចាញ់ Bayern Munich ក្នុងលទ្ធផល ៣-១ ក្នុងជំនួប Pre-season នៅសហរដ្ឋអាមេរិក»

គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានសង្កត់ធ្ងន់ថា វាជាឱកាសសម្រាប់អ្នករាល់គ្នាទៅវិញទេ ប្រសិនបើ Bale ចាកចេញនោះ។ Bale នឹងទទួលបាន ១លានផោនក្នុង ១សប្តាហ៍ ប្រសិនបើផ្លាស់ទៅលេងនៅទឹកដីចិនមែននោះ។

Gareth Bale បានចូលលេង ១ប្រកួតចុងក្រោយក្នុងក្លឹប Real Madrid ក្នុងជំនួបដែលបានយកឈ្នះ Arsenal ៣-២ ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ក្រោយប្រកួតពេញម៉ោង ៩០នាទីស្មើគ្នា ២-២ ក្នុងនោះក៏មាន ១គ្រាប់របស់ Bale ផងដែរ តែគ្រូបង្វឹក Zidane នៅតែរក្សាជំហរដដែល គឺអ្វីៗគឺគ្មានផ្លាស់ប្តូរនោះទេ ដែលអាចនិយាយបានថា នេះអាចជា ១ប្រកួតចុងក្រោយរបស់ Bale យ៉ាងប្រាកដ៕