(កោះកុង)៖ អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានចំណាយពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៦ ខែកក្កដា ដើម្បីបើកសិក្ខាសាលា ស្ដីពីការការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា ដើម្បីលើកស្ទួយ និងជំរុញការអភិវឌ្ឍន៍វិស័យកីឡាជាតិឲ្យបានល្អប្រសើរ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ។

សិក្ខាសាលានេះ បានរៀបចំឡើងក្នុងគោលបំណងឲ្យមន្ដ្រីពាក់ព័ន្ធវិស័យកីឡាទាំងអស់ បានយល់ដឹងច្បាស់អំពីសារធាតុដូប៉ា ដែលត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់ក្នុងវិស័យកីឡា ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ពិសេសកីឡាករ-កីឡាការិនី។ នេះបើតាមការឲ្យដឹងពីលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រោយបញ្ចប់ពិធីបិទសិក្ខាលានៅព្រឹកថ្ងៃសុក្រនេះ។

គួរដឹងថា សិក្ខាសាលាដ៏មានប្រយោជន៍ខាងលើ គឺមានសិក្ខាកាមចូលរួមសរុប ៧២នាក់ ហើយមានវាគ្មិន ដែលជាអ្នកជំនាញវិស័យកីឡា ៤រូប បានចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ រួមមានលោក សំ សុខយី និងលោក ឃួន ណារិទ្ធ មន្ដ្រីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា, លោក អ៊ិត ឡេង ប្រធានការិយាល័យទីភ្ញាក់ងារប្រឆាំងការប្រកួតប្រើប្រាស់សារធាតុហាមឃាតក្នុងកីឡា និងលោកបណ្ឌិត ស្តើង ជា ប្រធានអនុគណៈកម្មការវេជ្ជសាស្រ្តអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕