(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញបញ្ជីឈ្មោះក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ចំនួន ២៣នាក់ជាផ្លូវការហើយនៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះ ដើម្បីត្រៀមចូលរួមប្រកួតពានរង្វាន់ព្រឹត្តិការណ៍ AFF Women’s Championship 2019 នៅប្រទេសថៃ ចាប់ពីថ្ងៃទី១៥-២៧ ខែសីហាខាងមុខ។

ក្រុមជម្រើសជាតិនារីកម្ពុជា បានធ្វើការប្រមូលផ្ដុំហ្វឹកហាត់ ៤ថ្ងៃកាលពីសប្ដាហ៍មុននៅសាលាបាល់ទាត់ជាតិបាទី ក្រោមការដឹកនាំរបស់លោក អ៊ុ សាវង្ស ដោយមានកីឡាការិនីចូលរួមហ្វឹកហាត់ និងធ្វើតេស្ដសរុប ៤៦នាក់។ ជាលទ្ធផលគ្រូបង្វឹកខាងលើ ចម្រាញ់សល់កីឡាការិនីឆ្នើមៗត្រឹម ២៣នាក់ប៉ុណ្ណោះ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រចាំតំបន់នាពេលខាងមុខ។

សូមបញ្ជាក់ថា សម្រាប់បេសកកម្មត្រៀមចូលរួមប្រកួតពានរង្វាន់ AFF Women’s Championship 2019 នៅប្រទេសថៃ ក្រុមជម្រើសជាតិនារីកម្ពុជា គឺស្ថិតក្នុងពូល B ជាមួយក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាម មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី។ ប៉ុន្ដែមុនចេញដំណើរទៅប្រទេសថៃ លោក អ៊ុ សាវង្ស ក៏នឹងធ្វើការប្រមូលផ្ដុំហ្វឹកហាត់មួយរយៈពេល នាពេលឆាប់ៗខាងមុខផងដែរ៕