(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៨ឆ្នាំកម្ពុជា ចំនួន ២៣នាក់ជាផ្លូវការហើយ នៅថ្ងៃទី២៦ ខែសីហានេះ ដើម្បីត្រៀមចូលរួមប្រកួតពានរង្វាន់ AFF U-18 Championship 2019 នៅប្រទេសវៀតណាម នាខែសីហាខាងមុខ។

ទន្ទឹមជាមួយគ្នា ការបង្ហាញបញ្ជីឈ្មោះ ២៣នាក់ចុងក្រោយនេះដែរ FFC ក៏បានប្រកាសផ្ដល់សិទ្ធិពិសេសដល់ទូរទស្សន៍ហង្សមាស HDTV ដើម្បីធ្វើការផ្សាយបន្ដផ្ទាល់ព្រឹត្ដិការណ៍ប្រចាំតំបន់ខាងលើ ពិសេសគ្រប់ការប្រកួតរបស់ក្រុមជម្រើសជាតិ U-18 កម្ពុជាផងដែរ។

គួរដឹងថា ក្រុមគោព្រៃជំទង់កម្ពុជានេះ បានធ្វើការប្រមូលផ្ដុំហ្វឹកហាត់ និងធ្វើតេស្ដជាច្រើនដំណាក់កាលមកហើយ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុនលោក Gyotoku Koji ពោលគឺជម្រុះតាំងពីជាង ៤០នាក់ រហូតដល់កីឡាករសំខាន់ ២៣នាក់ ដែលត្រូវតំណាងជាតិចូលរួមប្រកួតពានរង្វាន់ AFF U-18 Championship 2019 ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៩ ខែសីហាខាងមុខ។

សូមបញ្ជាក់ថា បេសកកម្មនេះ ក្រុមជម្រើសជាតិ U-18 កម្ពុជា គឺស្ថិតក្នុងពូល B ដែលប្រជុំដោយក្រុមខ្លាំងៗ ដូចជាក្រុមជើងឯកច្រើនជំនាន់ ថៃ ម៉ាឡេស៊ី សិង្ហបុរី អូស្ដ្រាលី និងម្ចាស់ផ្ទះវៀតណាម។ រីឯពូល A មានដូចជាមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ឡាវ ប្រ៊ុយណេ ហ្វីលីពីន និងទីម័រខាងកើត។ ចំពោះប្រកួតបើកឆាក កម្ពុជា ត្រូវប៉ះអូស្ដ្រាលីមុនគេនាថ្ងៃទី០៧ ខែសីហា៕