(ភ្នំពេញ)៖ ជាការពិត បើនិយាយពីការរៀបពិធីមង្គលការ គឺតែងតែមានកូនក្រមុំកំលោះ ដែលមានភេទផ្ទុយគ្នា តែថ្មីៗនេះ មានការចែករំលែកតៗគ្នា​ពេញបណ្តាញទំនាក់ទំនងសង្គម ព្រោះតែក្នុងពិធីមង្គលការមួយនៅប្រទេសថៃ ត្រូវបានគេដឹងថា រៀបការជាមួយនឹងភេទប្រុសដូចគ្នា។ ទោះប្លែកពីមនុស្សភាគច្រើនក្តី តែគេសង្កេតឃើញថា ក្នុងពិធីគឺមានភាពសប្បាយរីករាយជាខ្លាំង ដោយអ្នកចូលរួម និងញាតិមិត្តប្រុសស្រីទាំងសងខាង បានបង្ហាញវត្តមានប្រកបដោយទឹកមុខញញឹមពព្រាយ។

បើតាមការឲ្យដឹងពីប្រភពច្បាស់ការណ៍ បានបញ្ជាក់ថា គូស្នេហ៍​ភេទ​ដូចគ្នា ​ដែល​រៀបការ​​យ៉ាង​កក្រើក​ក្នុងប្រទេសថៃនេះ ម្នាក់​ឈ្មោះ Paepeerayut Mungkung និង ម្នាក់ទៀត​មានឈ្មោះ Mart Maiprasert ។ ពួកគេ​ទាំងពីរ​បានជ្រើសរើស​យក​សណ្ឋាគារ​លំដាប់​មួយ​កណ្តាល​ទីក្រុង​បាងកក ឈ្មោះ The Athenee Hotel, a Luxury Collection Hotel សម្រាប់​រៀបចំ​ពិធីមង្គលការ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ញាតិមិត្តទាំងសងខាង ខណៈភ្ញៀវភាគច្រើនជាមិត្តភក្តិ អ្នកជំនួញ និង អ្នកមាន​ទ្រព្យសម្បត្តិ មានមុខមាត់ ​ក្នុងប្រទេស​ថៃ​ ដែលចូលរួមប្រកបដោយភាពសប្បាយរីករាយ។

ដូច​ពាក្យ​ដែលគេ​តែងតែលើកឡើងមិនខុសមែនថា ស្នេហា​ពិត​គឺ​មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ឬ ភេទ​ឡើយ ​អ្វីដែល​សំខាន់​នោះ​ គឺ​ស្ថិត​លើ​ចិត្ត​ស្រឡាញ់​ ស្មោះស្ម័គ្រ​ ដែលមាន​ឱ្យ​គ្នា​ទៅវិញ​មក​ទៅវិញទេតើ។ ជាក់ស្តែង ក្រឡែកមកមើលគូស្នេហ៍​ប្រុស​ថៃ​មួយគូ​នេះ បន្ទាប់ពី​ស្វែងយល់​ចិត្ត​គ្នា និង បាន​សាងទំនាក់ទំនង​ស្នេហ៍ យល់ចិត្តថ្លើមគ្នារួចមក ក៏សម្រេចដឹកដៃគ្នាចូលរោងការ មានចាស់ទុំទាំងសងខាងដឹងឭ តាមប្រពៃណី ធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំង។ ទាំងនេះបានបញ្ជាក់ថា ពួកគេពិតជាមានក្តីស្រឡាញ់ពិតប្រាកដមែន។

ក្រៅពីគ្រប់គ្នាសម្តែងនូវអារម្មណ៍​រំភើបជំនួសគូស្នេហ៍ហាយសូរមួយគូនេះ ក៏មានមិត្តក្នុងបណ្តាញសង្គមជាច្រើនបាន​ជូនពរ គូស្នេហ៍ថ្មីថ្មោងឲ្យស្រឡាញ់គ្នារហូត និងមានសុភមង្គលក្នុងក្រុមគ្រួសារផងដែរ៕