(បរទេស)៖ តារាហុងកុង Simon Yam បានចាកចេញពីមន្ទីរពេទ្យហើយ បន្ទាប់ពីរូបលោកបានចូលសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ រយៈពេល ០៤ ថ្ងៃ ដោយសារតែមានជនអនាមិកម្នាក់ បានវាយប្រហារ ដោយយកកាំបិទ ទៅចាក់លើរូបលោក អំឡុងពេលចូលរួមកម្មវិធីមួយ កាលពីថ្ងៃទី២០ ខែកក្កដា កន្លងទៅនេះ។

កាលពីរសៀលថ្ងៃទី ២៤ តារាវ័យ ៦៤ ឆ្នាំរូបនេះ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែង នៅហុងកុង និងត្រូវបានឡោមព័ន្ទដោយអ្នកសារព័ត៌មាន រួមជាមួយអ្នកគាំទ្ររងចាំនៅខាងបរិវេណខាងក្រៅពេទ្យ ដើម្បីចង់ដឹងពីស្ថានភាពមុខរបួសរបស់លោក ក្រោយពេលទទួលបានការវះកាត់ចំនួន ០២ លើក កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩។ ទោះបីជាដៃខាងស្ដាំ រុំព័ន្ធប៉ង់ស្មង់ក៏ដោយ ប៉ុន្តែលោកនៅតែលាដៃស្វាគមន៍ អ្នកគាំទ្រ និង ធ្វើការអរគុណទៅដល់អ្នកគ្រប់គ្នា មានវត្តមាននៅពេលនោះ។

ភរិយារបស់ Simon Yam គឺជាតារាដូចគ្នាមានឈ្មោះ Qi Qi ក៏បានចែករំលែកនៅលើបណ្ដាញសង្គមផងដែរថា «រយៈពេលប៉ុន្មានថ្ងៃមកនេះ យើង​ឆ្លង​កាត់​ការ​លំបាកជាច្រើន​ ប៉ុន្តែ​សំណាង​ល្អ​ បុរសសុទិដ្ឋិនិយមដូច​ជា Simon ​បាន​ផ្ដល់​ក្ដី​សង្ឃឹម និង​កម្លាំ​ង​ចិត្តឲ្យ​យើង។​ ថ្ងៃ​នេះ​គាត់​ចេញ​ពី​មន្ទី​រពេទ្យ​ហើយ​ ហើយ​ក៏​ដល់​ពេល​យើង​ត្រលប់​ទៅ​ផ្ទះ​វិញ​ដែរ»

សូមជម្រាបថា ជនអនាមិកដែលធ្វើការចាក់លើលោក Simon Yam ទំនងជាមានស្មារតីមិនប្រក្រតី ខណៈបច្ចុប្បន្ននេះត្រូវបានប៉ូលិសឃុំខ្លួន ដើម្បីធ្វើការសួរចម្លើយ និងរកមូលហេតុដែលប្រព្រឹត្តអំពើបែបនេះលើឆាកដាក់លោក Simon Yam៕