(ភ្នំពេញ)៖ មិនឲ្យអ្នកគាំទ្ររងចាំយូរឡើយ ក្រុមចម្រៀងប្រុសល្បីឈ្មោះ «Rizer» បានបញ្ចេញនូវស្នាដៃថ្មីមួយទៀតហើយ ក្រោមចំណងជើងថា «ចងចាំ»។ បទថ្មីៗត្រូវចិត្តទស្សនិកជនគ្រប់ស្រទាប់វណ្ណៈនេះ មានសាច់ភ្លេងប្លែក បែប Rock មិនធ្លាប់មានពីមុនមក ដោយចេញមិនទាន់បានប៉ុន្មានថ្ងៃផង ទទួលបានការចាប់អារម្មណ៍ច្រើនមហាជន។

ជាការកត់សម្គាល់ បន្ទាប់ពីបទ «សំឡេងបេះដូង» របស់ក្រុម Rizer ទទួលបានការគាំទ្រច្រើនពីមិត្តយុវវ័យមក ពេលនេះក៏បានបញ្ចេញនូវស្នាដៃ Original Song ស្តាប់ទៅជក់ចិត្ត ជាពិសេស បានបង្កប់នូវអត្ថន័យស្នេហា ត្រូវចិត្តយុវវ័យសម័យថ្មីយ៉ាងខ្លាំង។ បួករួមទាំងការដាក់មនោសញ្ចេតនា ច្រៀងយ៉ាងពីរោះរណ្តំ ពីសំណាក់ សមាជិកក្រុម Rizer ផងនោះ រឹតតែធ្វើឲ្យចម្រៀងមួយបទនេះ ពេញនិយមខ្លាំង ទាំងក្នុងស្រទាប់យុវវ័យ និងមហាជនទូទៅ ជាមួយនឹងភ្លេងប្រភេទ Rock ។ លើសពីនេះ មហាជនសង្កេតឃើញថា ទើបតែបង្កើតក្នុងរយៈពេលជិតមួយឆ្នាំសោះ ក្រុមនេះមានប្រជាប្រិយភាពខ្លាំងទៅហើយ ជាមួយនឹងស្នាដៃផលិតកន្លងមកបាន ២ទៅ៣បទ ដែលសុទ្ធសឹងតែជាប្រភេទ Original Song ហើយមួយបទៗ គឺមានការគាំទ្រគួរសមពីទស្សនិកជន ដែលជាកំលាំងចិត្តមួយ ឲ្យក្រុមរបស់លោកខំប្រឹងប្រែងបន្តទៀត។

ក្រៅពីបញ្ចេញបទថ្មី «ចងចាំ» មួយនេះ ក្រុម Rizer បច្ចុប្បន្ននេះក៏នឹងកំពុងតែត្រៀម នូវបទចម្រៀងជាច្រើនប្រភេទ បើគិតត្រួសៗចំនួន ៣បទហើយ សម្រាប់ចេញជាបន្តបន្ទាប់ ដើម្បីកំដេរអារម្មណ៍ទស្សនិកជន។ ទោះបីក្រុមនេះជំនាញខាងចម្រៀង ប្រភេទ Rock ក៏ដោយ តែលោក សារ៉ាដាត ដែលជាសមាជិកម្នាក់ក្នុងក្រុម Rizer ធ្លាប់បាននិយាយថា បទប្រភេទណាក៏ក្រុមលោកអាចរួមគ្នាច្រៀងបានដែរ ពោលគឺតម្រូវបានពេលវេលា និងកាលៈទេសៈ។

តោះ! ចង់ដឹងថាបទថ្មី «ចងចាំ» ពិរោះ និងប្លែកអារម្មណ៍យ៉ាងណា សូមរីករាយស្តាប់ដូចខាងក្រោម៖