(ភ្នំពេញ)៖ បន្ទាប់ពីរឿងរ៉ាវរវាងគ្រួសារ ចាងហ្វាងផលិតកម្មមហាហង្ស លោក អ៊ិន សុភិន និងកូនស្រី គឺអ្នកនាង ភិន សុដាលីស ជាមួយនឹងពិធីករសំបូរវោហារស័ព្ទ ប៉ែន ចំរ៉ុង បានស្ងប់ស្ងាត់មួយរយៈធំរួចមក ពេលនេះ​ស្រាប់តែមានលេចឮរឿងរកាំរកូសម្តងទៀតហើយ ខណៈគ្រប់គ្នាកំពុងចាប់អារម្មណ៍យ៉ាងខ្លាំង។ រឿងរបស់ លោក អ៊ិន សុភិន និង ភិន សុដាលីស ជាមួយ ប៉ែន ចំរ៉ុង បានត្រឡប់មកជាថ្មីទៀតហើយ បន្ទាប់ពីអ្នកទាំង៣ បានជួបគ្នាក្នុងពិធីខួប០៤ឆ្នាំរបស់ទូរទស្សន៍ PNN ហើយក៏មានការលេចឮថា អ្នកទាំង៣មើលមុខគ្នាមិនចំ និងថាហេតុផលដែលលោក ប៉ែន ចំរ៉ុង មិនដែលបានជួបមុខកូន គឺដោយសារអតីតភរិយា និងឪពុកក្មេកហាមឃាត់។ ការលើកឡើងបែបនេះ បានធ្វើឲ្យលោក អ៊ិន សុភិន និង​អ្នកនាង ភិន សុដាលីស ប្រតិកម្មយ៉ាងខ្លាំង។

លោក អ៊ិន សុភិន និយាយថា លោកមិនដែលប្រកាស ឬហាមឃាត់មិនឲ្យ លោក ប៉ែន ចំរ៉ុង ជួបមុខកូនស្រីរបស់ខ្លួននោះទេ ប៉ុន្តែលោកសួរបញ្ច្រាស់មកវិញថា តើលោកប៉ែន ចំរ៉ុង មានដែលខលមកសុំជួបកូន ឬទាក់ទងដើម្បីមកលេងកូនស្រីក្នុងនាមជាឪពុកម្ដងណាទេ? លោកបន្តសំណួរទៀតថា តើក្នុងនាមលោកជាជីតា ក្នុងនាមកូនស្រីរបស់លោក គឺជាម្ដាយ ដែលត្រូវបុគ្គលម្នាក់បោះបង់ចោល ទាត់ចោល ត្រូវប្រកាសទាក់ទងឲ្យលោក ប៉ែន ចំរ៉ុង ឲ្យមកមើលមុខកូនស្រីដោយផ្ទាល់ ឬ​មកលេងកូនស្រីដោយផ្ទាល់ ទាំងលោក ប៉ែន ចំរ៉ុង មិនដែលចាប់អារម្មណ៍​ ឬយ៉ាងណា? លោកថាការលើកឡើងថា លោក ប៉ែន ចំរ៉ុង មិនដែលជួបមុខកូនស្រី គឺដោយសារតែលោក និង ភិន សុដាលីស ហាមឃាត់នោះ គឺជារឿងដ៏អយុត្តិធម៌ ខណៈដែលលោក និងកូនស្រី មិនដែលបានរារាំង ឬ​ហាមប្រាមលោក ប៉ែន ចំរ៉ុង​ ក្នុងពេលលោក ប៉ែន ចំរ៉ុង ប្រឹងស្កាត់មកជួបកូន ឬ​សុំមកមើលមុខកូននោះឡើយ។

មិនខុសគ្នានោះទេ ងាកមកអ្នកនាង ភិន សុដាលីស ក៏បានលើកឡើងថា អ្នកនាងមិនសប្បាយចិត្តនឹងពាក្យថា លោក ប៉ែន ចំរ៉ុង មិនរវល់ជាមួយកូន និងមិនដែលបានមកមើលកូន គឺដោយសារតែអ្នកនាងហាមឃាត់​ ដោយសារតែពាក្យពេចន៍នោះ ស្មើនឹងយល់ថា លោក ប៉ែន ចំរ៉ុង ព្យាយាមចង់ឃើញមុខកូន និងចង់ទទួលខុសត្រូវដំណក់ឈាមខ្លួនឯង តែអ្នកនាង និងឪពុករារាំង និងមិនទទួល។ អ្នកនាងថា តាំងពីបែកបាក់គ្នា មិនដែលមានភាគីលោក ប៉ែន ចំរ៉ុង ឬសាមីខ្លួនដោយផ្ទាល់ទាក់ទងមកចង់ឃើញមុខកូនស្រី ឬចង់ទទួលខុសត្រូវកូនស្រីរបស់អ្នកនាងនោះទេ ខណៈដែលអ្នកនាងប្រាប់ថា សុំកុំឲ្យយល់ថា អ្នកនាងគឺជាអ្នករារាំង។

គួរបញ្ជក់ថា ទំនាក់ទំនងរវាង អ្នកនាង ភីន សុដាលីស ជាមួយលោក ប៉ែន ចំរុង បានចប់ជាយូរឆ្នាំមកហើយ ដោយបន្សុល់ទុកនូវដំណក់ឈាមរួមគ្នាមួយ គឺកូនស្រីជាទីស្រឡាញ់ ឈ្មោះថា នាងតូច «ខេត»។ តាំងពីប្រេះឆាគ្នាមក ភិន សុដាលីស មិនទាន់បានបង្ហាញមុខគូស្នេហ៍ថ្មីនោះទេ ខណៈលោក ប៉ែន ចំរុង បានបង្វែរទៅបង្កាត់ភ្លើងស្នេហ៍ជាមួយនារីក្រៅសិល្បៈម្នាក់ រស់នៅក្នុងខេត្តបាត់ដំបង រហូតដល់ក្លាយជាគូដណ្តឹងនឹងគ្នា មានចាស់ទុំដឹងឮរួចហើយផងដែរ៕