(ភ្នំពេញ)៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៥ឆ្នាំកម្ពុជា បានធ្វើដំណើរទៅប្រទេសថៃហើយ នៅព្រឹកថ្ងៃទី២៥ ខែកក្កដានេះ ដើម្បីត្រៀមចូលរួមប្រកួតពានរង្វាន់ AFF U-15 Championship 2019 នៅខេត្តឈុនបុរី ចាប់ពីថ្ងៃទី២៧ ខែកក្កដា រហូតដល់ថ្ងៃទី០៩ ខែសីហាខាងមុខ។

មុនឡើងយន្ដហោះលោក Inoue Kazunori គ្រូបង្វឹកក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៥ឆ្នាំកម្ពុជាបានបញ្ជាក់ថា មកទល់ពេលនេះ កូនក្រុមលោកបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រជែងក្នុងពានយុវជនប្រចាំតំបន់នេះ ពិសេសក្រោយប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិ U-15 ចិន កាលពីពេលថ្មីៗ បានធ្វើឲ្យក្រុម U-15 កម្ពុជា កែប្រែនូវចំណុចខ្វះខាតមួយចំនួនកាន់តែល្អប្រសើរ។

គ្រូបង្វឹកធ្លាប់ជួយក្រុម U-15 កម្ពុជា ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF U-16 Championship កាលពីឆ្នាំ២០១៦ ដដែលបន្ដថា បេសកកម្មលើកនេះ លោកមិនហ៊ានទស្សន៍ទាយអំពីលទ្ធផលទុកមុននោះទេ តែលោកបានដាក់ចិត្ត ១០០% ដើម្បីដឹកនាំពួកគេឆ្ពោះទៅស្វែងរកលទ្ធផលល្អ និងអភិវឌ្ឍន៍សមត្ថភាពពួកគេឲ្យកាន់តែប្រសើរនាថ្ងៃអនាគត។ ដូច្នេះលោកជឿជាក់ថា ពួកគេនឹងធ្វើបានកាន់តែល្អជាងអ្វីដែលលោកធ្លាប់ដឹកនាំកន្លងមក។

គួរបញ្ជាក់ថា សម្រាប់បេសកកម្មនេះ កម្ពុជាស្ថិតក្នុងពូល B ជាមួយក្រុមម្ចាស់ផ្ទៃថៃ ម៉ាឡេស៊ី ឡាវ ប្រ៊ុយណេ និងអូស្ដ្រាលី។ ចំពោះប្រកួតបើកឆាកក្រុមដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុន U-15 កម្ពុជា ត្រូវប្រឈមនឹងការធ្វើការធ្ងន់ ព្រោះត្រូវជួបក្រុមកីឡាករមានមាឌធំៗ U-15 អូស្ដ្រាលី នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ចុងសប្ដាហ៍នេះ៕