(ញូវយ៉ក)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Marco Asensio បានទទួលរងរបួសជង្គង់ឆ្វេងធ្ងន់ធ្ងរ ដែលអាចអវត្តមានពីទីលានរហូតដល់ទៅ ៩ខែឯណោះ។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា កីឡាករវ័យក្មេង សញ្ជាតិអេស្ប៉ាញ Asensio ត្រូវបានគេសែងចេញ នៅនាទី៦៤ ក្រោយពេលរូបគេស៊ុតចូល ១គ្រាប់នៅនាទី៥៩ ដែលជាគ្រាប់តាមស្មើ ២-២ ទល់នឹងក្រុមកាំភ្លើងធំ Arsenal ក្នុងព្រឹត្តិការណ៍ International Champions Cup 2019 នៅទឹកដីសហរដ្ឋអាមេរិក ក្រោយពេលមិត្តរួមក្រុម Gareth Bale រកបានគ្រាប់ទី១ នៅនាទី៥៧នោះ។

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្លឹប Real Madrid បានបញ្ជាក់ថា បញ្ហារបួសជង្គង់របស់ Asensio អាចធ្វើឲ្យរូបគេនឹងខកខានការប្រកួតរហូតដល់ទៅ ៩ខែ ហើយវាក៏អាចប៉ះពាល់ក្នុងការជួយក្រុមជម្រើសជាតិ អេស្ប៉ាញលេងនៅ UEFA Euro 2020 ផងដែរ ប្រសិនបើក្រុមខ្លាំងមួយនេះជាប់ទៅជុំផ្តាច់ព្រ័ត្រនោះ។

ទន្ទឹមគ្នានោះដែរ លោក Unai Emery ដែលជាអ្នកចាត់ការទូទៅក្លឹប Arsenal បានថ្លែងក្រោយចប់ការប្រកួតដែលកាំ ភ្លើងធំ ចាញ់ Real Madrid ៣-២ ដោយបាល់ប៉េណាល់ទីកាត់សេចក្តីនោះថា បញ្ហារបួសជង្គង់ធ្ងន់ធ្ងររបស់ Marco Asensio «ជាដំណឹងអាក្រក់សម្រាប់ពួកយើង ក្នុងខណៈដែលកំពុងចរចាខ្ចីជើង Dani Ceballos ដ្បិតកីឡាករអេស្ប៉ាញ ដូចគ្នា ជាតំរ៉ូវការរបស់ Real ក្នុងការជំនួសកន្លែងរបស់ Asensio»