(ភ្នំពេញ)៖ កវីនិពន្ធវ័យក្មេង និងជាកវីនិពន្ធបទចម្រៀង ដែលផ្ទុះខ្លាំងកាលពីឆ្នាំ២០១៨កន្លងទៅនេះ គឺបទ «អ្នកណាកែចិត្តបង» គឺលោក សូរ រៈបូរី ថ្មីៗនេះ លេចដំណឹងថា អ្នកនិពន្ធវ័យក្មេងរូបនេះ បានទទួលតំណែង ក្លាយជាអ្នកគ្រប់គ្រងទូទៅ ប្រចាំផលិតកម្ម Zone​ បន្ទាប់ពីលោក អ៊ុច រ៉ាវុឌ្ឍ ប្រគល់តួនាទីនេះជូន។

ជាការពិត ថ្មីៗនេះកវីនិពន្ធ ដែលមានស្រុកកំណើត មកពីខេត្តកណ្ដាលលោក សូរ រៈបូរី ត្រូវបានអតីតអ្នកគ្រប់គ្រងទូទៅ ក្នុងផលិតកម្ម Zone លោក អ៊ុច រ៉ាវុឌ្ឍ បានសម្រេចប្រគល់តួនាទី ជាអ្នកគ្រប់គ្រង ជូនលោក សូរ រៈបូរី គ្រប់គ្រងជំនួសវិញ ដោយយល់ឃើញថា អ្នកនិពន្ធវ័យក្មេងរូបនេះ មានសមត្ថភាព មានទេពកោសល្យខ្ពស់ ក្នុងការតាក់តែងនិពន្ធបទចម្រៀង ជាពិសេសនោះ គឺលោកមានភាពស្មោះត្រង់ និងគោរពពេលវលា បានយ៉ាងជាក់លាក់ទៀតផង។

លោក សូរ រៈបូរី បានឲ្យដឹងថា ទម្រាំទទួលបានភាពជោគជ័យដូចបច្ចុប្បន្ននេះ លោកបានខិតខំពុះពារ ជាច្រើនឆ្នាំណាស់ដែរ តែក្ដីស្រមៃមួយនេះហាក់នៅសែនឆ្ងាយ និងពោរពេញ ទៅដោយភាព​ស្មុគស្មាញយ៉ាងខ្លាំង។ ដោយសារក្ដីស្រឡាញ់តាំងពីតូច ធ្វើឲ្យលោកសូរ រ:បុរី ពុះពារដោយ​ពុំខ្លាចនឿយហត់ តស៊ូមិនរាថយ រហូតទទួលបានទំនុកចិត្តពីលោក អ៊ុច រ៉ាវុឌ្ឍ ក៏សម្រេចប្រគល់ តួនាទីជាអ្នកគ្រប់គ្រងជូនលោក គ្រប់គ្រងជំនួសវិញ។

ដោយឡែកសម្រាប់លោក អ៊ុច រ៉ាវុឌ្ឍ ដែលជានាយកផលិតកម្ម Zone បានលើកឡើងថា ហេតុផលដែលលោក តម្រូវឲ្យអ្នកនិពន្ធ (សូរៈ បុរី) មកកាន់កាងារជំនួសរូបលោកផ្ទាល់ ត្បិតរូបលោកយល់ឃើញថា អ្នកនិពន្ធវ័យក្មេងរូបនេះ មាននូវទេព្យកោសល្យខ្ពស់ ក្នុងការតែង​និពន្ធបទចម្រៀង មានភាពអត់ធន់ ស្មោះត្រង់ គោរពពេលវេលា ហើយចេះជួយការងារមិត្តរួម ក្រុមដោយមិនប្រកាន់វណ្ណៈ។

គួរបញ្ជាក់ថា លោក សូរ រៈបូរី បានប្រឡូកចូលក្នុងសិល្បៈ ធ្វើជាកវីនិពន្ធបទចម្រៀង នៅក្នុងឆ្នាំ២០១១ ហើយមកទល់ពេលបច្ចុប្បន្ន ដោយសារតែលោកមាន ស្នាដៃនិងទេពកោសល្យ បានធ្វើឲ្យកវីវ័យក្មេងរូបនេះ ក្លាយទៅជាអ្នកគ្រប់គ្រងទូទៅ របស់ផលិតកម្ម Zone ខណៈដែលកន្លងមក លោកបានបញ្ចេញស្នាដៃនិពន្ធបទចម្រៀងជាច្រើនបទ ដែលបទនីមួយៗសុទ្ធសឹង តែមានការគាំទ្រ ពីសំណាក់ទស្សនិកជន ជាពិសេស​នោះគឺបទ «អ្នកណាកែចិត្តបង» តែម្ដង៕