(ភ្នំពេញ)៖ ការលេងការពារវាយបក គឺជាយុទ្ធសាស្ត្រដែលវិសាខា ប្រើប្រាស់ក្នុងជំនួបជាមួយភ្នំពេញក្រោន ក្របខណ្ឌ លីគកំពូលកម្ពុជាកាលថ្ងៃអាទិត្យ ទី២១ ខែកក្កដាកន្លងទៅ។ នេះបើតាមការបង្ហើបឲ្យដឹងពីលោក ហុក សុចិត្រា អ្នកចាត់ការក្រុមវិសាខា។

លោក ហុក សុចិត្រា បានពន្យល់ថា «យើងបានមើលការប្រកួតរបស់គាត់ពេលប្រកួតជាមួយបឹងកេត និងបានដឹងពីចំណុចខ្លាំងរបស់គាត់ អ៊ីចឹងអ្វីដែលយើង​មើលឃើញពីចំណុចខ្លាំងរបស់គាត់ គឺយើងធ្វើបានល្អមែនទែន អ៊ីចឹងយើងបង្កើតឱកាសបានច្រើនណាស់សម្រាប់ការប្រកួតថ្ងៃនេះ ហើយយើងរកបាន ៤គ្រាប់ ដោយសារយើងសហការគ្នាបានល្អ។ អ្វីដែលយើងធ្វើបានតាមគម្រោងនោះ គឺយើងបានការពារ ហើយវាយបកពេលបានបាល់។ យើងធ្វើបានល្អណាស់»

អ្វីដែលសំខាន់ផងនោះ អ្នកចាត់ការជាអតីតកីឡាករខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជាផងនោះ បានសង្កត់ធ្ងន់ថា កូនក្រុមធ្វើបានល្អទៅតាមគម្រោង ពោលគឺព្យាយាមការពារច្រើន ហើយវាយបកនៅពេលបានបាល់ រហូតដណ្ដើមបាន ៣ពិន្ទុតាមរយៈលទ្ធផលឈ្នះ ៤-៣។

សូមបញ្ជាក់ថា លោក ហុក សុចិត្រា បានចាត់ទុកជំនួបជាមួយភ្នំពេញក្រោននៅកីឡដ្ឋានហ្រ្គែនភ្នំពេញ ជាការប្រកួតដ៏អស្ចារ្យបំផុត ព្រោះអាចស្រូបទាញអ្នកទស្សនាបានចំនួន ៥៥១២នាក់ ដែលជាកំណត់ត្រាថ្មីក្នុងលីគកំពូលកម្ពុជាឆ្នាំនេះ៕