(ភ្នំពេញ)៖ ទស្សនិកជនដែលនិយមទស្សនាភាពយន្តថៃ រឿង «Friend Zone» ប្រាកដជាស្គាល់លោក ណាយ ណាផាត់ ច្បាស់ហើយ ព្រោះលោកគឺជាតួប្រុសសំខាន់មួយរូបក្នុងរឿងនេះ ព្រមទាំងមានប្រជាប្រិយភាព មានទស្សនិកជនគាំទ្រច្រើនផងដែរ។ ជារឿងមួយគួរឲ្យត្រែកអរចំពោះអ្នកគាំទ្ររបស់ ណាផាត់ ដែលជិតបានជួយអាយដលរបស់ពួកគេ ខណៈលោកនឹងមកប្រទេសកម្ពុជានៅល្ងាចនេះ ដើម្បីចូលរួមសម្ពោធកម្មវិធីផ្សព្វផ្សាយភាពយន្តថៃ ឬ «Thai Film Festival» នៅផ្សារទំនើប Aeon Mall សែនសុខ។

ជាការពិត ការបង្ហាញវត្តមានក្នុងប្រទេសកម្ពុជានៅល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ ត្រូវបានគេដឹងថាជាលើកទីមួយហើយសម្រាប់តារាថៃ ណាយ ណាផាត់។ ដោយក្នុងនោះ ដើម្បីឲ្យបណ្តាអ្នកគាំទ្របានជ្រាបពីការបង្ហាញវត្តមានរបស់លោកនៅកម្ពុជា លោក ណាយ ណាផាត់ បានធ្វើការបង្ហោះវីដេអូខ្លីមួយ និយាយទៅកាន់អ្នកគាំទ្រនៅកម្ពុជា ជាភាសាខ្មែរថា៖ «ជំរាបសួរបងប្អូនដែលនៅកម្ពុជា ខ្ញុំបាទ ណាយ ណាផាត់ នឹងធ្វើដំណើរទៅទីក្រុងភ្នំពេញនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះដើម្បីចូលរួមការសម្ពោធ កម្មវិធី Thai Film Festival 2019 នៅផ្សារទំនើប Aeon Mall សែនសុខ វេលាម៉ោង ៥ល្ងាច ប្រិយមិត្តដែលជាហ្វេនរឿង Friend Zone កុំភ្លេចមកជួបជាមួយនឹងខ្ញុំបាទផ្ទាល់បានណា…. ជួបគ្នាឆាប់ៗនេះបាទ»

គួរជម្រាបថា កម្មវិធី ផ្សព្វផ្សាយភាពយន្តថៃ នឹងធ្វើការចាក់បញ្ជាំងខ្សែភាពយន្តថៃដ៏ល្បីទាំង០៥មានរឿង «Friend Zone», រឿង «និស្ស័យស្នេហ៍អាប», រឿង «ប្រពន្ធខ្មោច», រឿង «ម៉ូតូឌុបបះសក់» និង រឿង «បងប្រុសកំពូលកូរ» ចាប់ពីថ្ងៃទី ២៤ – ២៨ ខែ កក្កដា ឆ្នាំ២០១៩ នៅរោងភាពយន្ត Major Cineplex by Smart ផ្សារទំនើប Aeon Mall សែនសុខ និងរោងភាពយន្ត Legend ផ្សារ City Mall ចំពោះសំបុត្រទស្សនានឹងមានការចែកជូនដោយឥតគិតថ្លៃនៅរោងភាពយន្ត៕