(បរទេស)៖ តារាសម្ដែង Vin Diesel (វ៉ាន ឌីលសែល) មានអារម្មណ៍ភ័យតក់ស្លុត ក្រោយពេលដែលបានឃើញតួជំនួសរបស់លោក ថតខុសបច្ចេកទេស ធ្លាក់ពីលើ​អាគារកម្ពស់ប្រហែល ៩ ម៉ែត្រ ចំនួន ០២ដង បណ្ដាលឲ្យរងរបួសក្បាលធ្ងន់ធ្ងរ អំឡុងពេលថតខ្សែភាពយន្ត «Fast And Furious»។ នេះបើតាម​ការចេញផ្សាយដោយសារព័ត៌មាន Dailymail នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។

តារាសម្ដែងដែលដើរតួជំនួស Vin Diesel មិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ប៉ុន្តែបើតាមប្រភពព័ត៌មានបានបញ្ជាក់ថា «តួជំនួសរូបនោះ បានធ្លាក់កម្ពស់ប្រហែល ៩ម៉ែត្រ។ Vin Diesel ត្រូវបានចូលថតវិញ ក្រោយពេលហេតុការណ៍នេះកើតឡើងភ្លាមៗ»

តារាវ័យ ៥២ ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញថា លោកមានអារម្មណ៍តក់ស្លុត និងមានទឹកភ្នែករលីងរលោង ដោយសារតែលោកបានឃើញហេតុការណ៍ទាំងនោះ កើតឡើង​ផ្ទាល់ភ្នែក។ ភ្លាមៗនោះ តួជំនួសត្រូវបានគេបញ្ចូនទៅជួយសង្រ្គោះ តាមរយៈឧត្ថភេកចក្រ ទៅកាន់មន្ទីរពេទ្យ Royal London (រ៉ូយ៉ាល់ ឡុនដិន)។

អ្នកដឹកនាំ បានប្រាប់ថា ហេតុការណ៍នៃការធ្លាក់ខាងលើ បានកើតឡើង ពេលរសៀល នៅ Leavesden អំឡុងពេលថតភាពយន្ត «Fast & Furious 9» ដែលពេលនោះ មានការចូលរួមសម្ដែងដោយ Michelle Rodriguez និង Helen Mirren ផងដែរ៕