(ភ្នំពេញ)៖​ បន្ទាប់ពីរកឃើញបេក្ខភាព ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ កាលពីថ្មីៗ នៅម៉ោង ១១ព្រឹកនេះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា នឹងរៀបចំកម្មវិធីចាប់គូប្រកួតវគ្គ ៨ក្រុមចុងក្រោយ(១/៤)បន្ដ ។ ចាំមើលតើក្រុមខ្លាំងៗណាខ្លះ ត្រូវប្រឈមមុខជាមួយគ្នា?

ចំពោះបេក្ខភាពដណ្ដើមបានកៅអីវគ្គ ៨ក្រុមចុក្រោយ រួមមានក្រុមព្រះខ័នរាជស្វាយរៀង វិសាខា ភ្នំពេញក្រោន គិរីវង់សុខសែនជ័យ បឹងកេត អង្គរថាយហ្គឺរ ក្រសួងការពារជាតិ និងសូលទីឡូអង្គរ ។ ក្រុមទាំងអស់នេះ នឹងត្រូវចាប់ឆ្នោតបែងចែកគូប្រកួត បន្ទាប់ពីដឹងលទ្ធផល ក្រុមនីមួយៗ ត្រូវធ្វើការប្រកួតក្នុងដី និងក្រៅដី ដោយធ្វើម្ចាស់ផ្ទះម្ដងម្នាក់ ដើម្បីស្វែងរកក្រុមឈ្នះឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

ទន្ទឹមជាមួយគ្នាលោក ទេព ឡុងរចនា អ្នកចាត់ការទូទៅក្រុមក្រសួងការពារជាតិ និងជាក្រុមការពារតំណែងជើងឯក បានឲ្យដឹងថា ការប្រកួតវគ្គបន្ដ គឺជាការប្រកួតដ៏ជក់ចិត្ត ដ្បិតលោកបារម្ភខ្លាចជួបក្រុមពីរ ដែលមានការរៀបចំក្រុមបានល្អ និងមានធនធានកីឡាករក្នុងស្រុកល្អៗច្រើន គឺក្រុមវិសាខា និងគិរីវង់សុខសែនជ័យ ។ លោកបន្ដថា ក្រុមទាំងពីរ សុទ្ធតែផ្ដោតពានសម្ដេចតេជោ ហ៊ុន សែន ខ្លាំងជាងលីគ ហេតុនេះពិបាកប្រឈមមុខជាមួយណាស់ បើចាប់ឆ្នោតប៉ះគ្នាក្នុងវគ្គ ១/៤ នោះ៕