(ភ្នំពេញ)៖ ទោះបីជាភាពយន្តរឿង «កំហឹងខ្មោច Cute» បានសម្រេចចិត្តដាក់បញ្ចាំងក្នុងរោងភាពយន្ត ទាំងប្រថុយប្រថានក្ដី ប៉ុន្តែផលិតកនៃភាពយន្តនេះ បានអះអាងថា នឹងទទួលបានការគាំទ្រ ជោគជ័យលើសពីការរំពឹងទុក ខណៈដែលខ្សែរឿងទាំងមូល ត្រូវបានអ្នកដឹកនាំសម្ដែង ខិតខំសម្រិតសម្រាំងឡើងអស់ពីកម្លាំងកាយចិត្ត ជាពិសេសតួសម្ដែងនីមួយៗ បានសហការគ្នាយ៉ាងល្អ តស៊ូថតបញ្ចប់រឿងនេះ រហូតទទួលបានផ្លៃផ្កាទាំងអស់គ្នា។

តាមរយៈបទពិសោធន៍ជាច្រើន លើវិថីសិល្បៈរបស់លោក តន វុទ្ធី ក្នុងនាមជាផលិតករដឹកនាំសម្តែង ក្នុងរឿងជាច្រើន បានធ្វើឲ្យលោកសម្រេចចិត្តបង្ហាញស្នាដៃរបស់ខ្លួនផ្ទាល់ ជាមួយរឿង «កំហឹងខ្មោច Cute» ដែលលោកបានធ្វើការរៀបរាប់ថា សាច់រឿង គឺផ្តោតសំខាន់លើយុវវ័យ ព្រោះលោកបានជ្រើសរើសតួអង្គសុទ្ធតែជាតារាក្មេងៗ ស្អាតៗមកសម្ដែង ដូចជា លោក.ឌីន សិដ្ឋ និងកញ្ញា គីញ វិច្ឆិកា ដើម្បីបំពេញសេចក្តីត្រូវការរបស់ទស្សនិជន​។

លោកនិយាយបន្តថា ជាការពិត ក្តីស្រមៃ និង​មហិច្ឆតា តែងធ្វើឲ្យមនុស្សយើងម្នាក់ៗតស៊ូ ជំនះឲ្យបាន ដើម្បីធ្វើឲ្យសម្រេចបំណងខ្លួន។ ទោះបីរឿងនេះ ជាការប្រថុយប្រថានមួយ​ក៏ដោយ ក៏លោកបានព្យាយាមជំនះឲ្យទាល់តែបាន ព្រោះសម្រាប់តួអង្គថ្មីៗ សមត្ថភាពរបស់ពួកគេ នៅមានកំរិត ដូច្នេះយើងប្រាកដជា ត្រូវមានការអត់ធ្មត់ខ្ពស់ ក្នុងការបង្ហាត់បង្ហាញ ពន្យល់ឲ្យពួកគេសម្ដែងបានល្អ និង​សមទំនងទៅតាមសាច់រឿង ហើយវាក៏ជាការផ្តល់ឱកាសមួយសម្រាប់ប្អូនៗ ដែលស្រឡាញ់វិសយ័សិល្បៈ និងចង់បង្ហាញសមត្ថភាពឲ្យទស្សនិកជន បានស្គាល់ផងដែរ​។

ជាចុងក្រោយ លោក​បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា បងប្អូនទាំងអស់គ្នានឹងជួយគាំទ្រ នូវខ្សែភាពយន្តខ្មែរថ្មីមួយនេះ ព្រោះនេះជាការផ្តល់កំលាំងចិត្តដ៏ល្អប្រសើរសម្រាប់ផលិតករ ក្នុងការផលិតភាពយន្តថ្មីៗជូនទស្សនា ខណៈយើងដឹងហើយថា បច្ចុប្បន្នទីផ្សារភាពយន្តរបស់យើង គឺនៅតូចនៅឡើយ ដូច្នេះមានតែយើងខំទាំងអស់គ្នាទេ ទើបយើងអាចរីកចំរើនទៅមុខបាន ។

​សូមបញ្ជាក់ថា ក្នុងថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៩នេះតទៅ រឿង «កំហឹងខ្មោច Cute» នឹងចាក់បញ្ចាំងនៅគ្រប់រោង​ភាពយន្តទំនើបទាំងអស់ទូទាំងប្រទេស។​ ទស្សនិកជន ដែលបានទស្សនា ពិតជាសរសើរ​នូវស្នាដៃនៃការផលិត ដោយសាច់រឿងបានបញ្ចូល នៅឈុតឆាកគ្រប់រសជាតិ ស្នេហាបែបស្ទាវ កំប្លែងបែបកាយវិការ កំសត់ ព្រាត់ប្រាស់ រន្ធត់ ភ័យខ្លាច ដែលធ្វើឲ្យទស្សនិកជន ដែលអង្គុយទស្សនា មិនចង់ងើបចេញពីកន្លែង​ឡើយ​។ រឿង «កំហឹងខ្មោច Cute» ​មានការចូលរួមសម្ដែងដោយ កញ្ញា គីញ វិច្ឆិកា, លោក ឌីន សិដ្ធ, អុន វិសុត្យ, រុន រីយ៉ា, រាជ ឋានៈ សុវណ្ណឆៃ, យូរី, វ៉ាង អង, តាកុករុក, ឌីជេ ពាង, នាយ វ៉េវ និងតារាល្បីៗជាច្រើនទៀត៕