(ភ្នំពេញ)៖ កីឡាការិនីស្នូកឃ័រដ៏ឆ្នើមរបស់កម្ពុជា ស្រួង ភាវី បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ២០លានរៀល ដល់សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា ដើម្បីទ្រទ្រង់ និងរៀបចំការប្រកួតកីឡាស្នូកឃ័រជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ នាពេលឆាប់ៗខាងមុខ ។

ការបរិច្ចាគថវិកាគួរឲ្យសរសើររបស់កីឡាការិនីរូបស្រស់នេះ បានធ្វើកាលពីល្ងាចមិញ នៅស្នាក់ការធនាគារ PPCBank ។ លោកស្រី ស្រួង ភាវី បានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំង ក្រោយបានរួមចំណែកជួយដល់សហព័ន្ធ ដ្បិតថវិកាខាងលើ គឺទទួលបានពីការប្រកួតអន្ដរជាតិផ្សេងៗរបស់នាង ។ តែអ្វីដែលរំជួលចិត្តបំផុត គឺលោកស្រីបាននិយាយស្ទើរស្រក់ទឹកភ្នែក ពាក់ព័ន្ធនឹងគម្រោងបើកសាលាស្នូកឃ័រនៅកម្ពុជា ។

ម្ចាស់មេដាយសំរឹទ្ធពិភពលោកឆ្នាំ២០១៨ រូបនេះ បន្ដថា ពាក់ព័ន្ធនឹងគម្រោងបើកសាលាកីឡាស្នូកឃ័រនៅកម្ពុជារបស់លោកស្រី មកទល់ពេលនេះ នៅតែគម្រោងនៅឡើយទេ ព្រោះខ្វះការគាំទ្រ និងជួយជ្រោមជ្រែងពីសប្បុរសជនក្នុងស្រុក ពិសេសទីតាំង ដើម្បីបើកសាលា ។ យ៉ាងណាមិញកីឡាការិនី កំពុងរស់នៅសាធារណៈកូរ៉េរូបនេះ បានប្ដេជ្ញានឹងខិតខំ ដើម្បីសម្រេចក្ដីស្រម៉ៃមួយនេះ ដ្បិតបច្ចុប្បន្ន លោកស្រីកំពុងកៀងគរសប្បុរសជននៅកូរ៉េ ដើម្បីជួយទាំងបច្ចេកទេស សម្ភារៈ និងថវិកាផងដែរ ។

លោកស្រីនិយាយទាំងអួលដើមករថា «បើសិនជាកម្ពុជា មានសប្បុរសជនជួយបន្ថែមកាន់តែល្អ ។ ប៉ុន្ដែឥលូវខ្ញុំអត់មានអ្នកជួយទាំងអស់ ដល់អញ្ចឹងខ្ញុំមានតែខំប្រឹងពីប្រទេសកូរ៉េ ដើម្បីជួយដល់កីឡាស្នូកឃ័រកម្ពុជា ។ នៅកម្ពុជា មានអ្នកដឹងលឺ តែអត់មានអ្នកជួយជ្រោមជ្រែងខ្ញុំបន្ថែមទេ គឺមានតែខាងសហព័ន្ធរបស់ខ្ញុំ គាត់តែជួយផ្ដល់កម្លាំងចិត្តដល់ខ្ញុំ ចឹងខ្ញុំមានតែខំប្រឹងម៉េច ដើម្បីបានជំនួយពីកូរ៉េ យកមកជួយកម្ពុជា ។ តែជារួមឲ្យតែកម្ពុជាបើកទ្វារជួយ គឺយើងនឹងមានសង្ឃឹម ព្រោះខ្ញុំនៅកូរ៉េ មានសព្វគ្រប់ហើយ»

លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់លើឧបសគ្គក្នុងគម្រោងបើកសាលារបស់ ភាវី ថា លោកស្រីមានលទ្ធភាពអាចរកថវិកា និងសម្ភារៈ មកជួយបង្កើតសាលាបាន តែផលវិបាក គឺទីតាំង ព្រោះត្រូវការទីតាំងក្នុងក្រុង ដែលត្រូវចំណាយច្រើន តែពុំទាន់មានការជួយគាំទ្រនោះទេ ។ ម្យ៉ាងការស្នើទៅក្រសួងអប់រំ ឬស្ថាប័នពាក់ព័ន្ធ សហព័ន្ធផ្សេងៗ ក៏ស្នើដែរ ដែលធ្វើឲ្យលោកស្រីជួបការលំបាក ។ ដូច្នេះមានតែសប្បុរសជន និងអ្នកមានធនធាន ដែលស្រលាញ់កីឡានេះប៉ុណ្ណោះ ទើបអាចសម្រេចគម្រោងនេះបាន ។

យ៉ាងណាមិញសហព័ន្ធ បានអរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏សប្បុរសរបស់លោកស្រី ស្រួង ភាវី ដែលមិនត្រឹមជាកីឡាការិនីឆ្នើមរបស់កម្ពុជា ក្នុងការប្រកួតប្រជែងដណ្ដើមកិត្តិយសជូនជាតិ និងបានជួយការងារជាច្រើនរបស់សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា ក្នុងនាមជាសមាជិកប្រតិបត្តិនោះទេ ថែមទាំងបរិច្ចាគថវិកាផ្ទាល់ខ្លួន សម្រាប់ជួយទ្រទ្រង់សហព័ន្ធថែមទៀត ដើម្បីជំរុញវិស័យកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាឲ្យកាន់តែរីកចម្រើន ៕