(ភ្នំពេញ)៖ លោក ស៊ុំ វណ្ណា គ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្រុមភ្នំពេញក្រោន បានអះអាងថា កូនក្រុមខ្លួនធ្វើបានល្អតាមការរៀបចំពី ៧០ ទៅ ៨០% ប៉ុណ្ណោះ ក្នុង​ការប្រកួតជាមួយក្រុមម្ចាស់ផ្ទះវិសាខា កាលពីថ្ងៃអាទិត្យ ដោយសារពួកគេខ្វះទំនាក់ទំនងលើទីលាន និងបទពិសោធន៍ នាំឲ្យទទួលបានលទ្ធផលផ្ទុយពីការគ្រោងទុក ។

អតីតគ្រូបង្វឹកក្រុមវេស្ទើនរូបនេះ បានបញ្ជាក់ថា មុនការប្រកួតក្រុមខ្លួនបានយ៉ាងរៀបចំយ៉ាងល្អ ពាក់ព័ន្ធនឹងការរៀបចំក្រុម ផ្លូវចិត្ត ការហូបចុក និងកត្ដាជាច្រើនទៀត ។ ប៉ុន្ដែឈានដល់ការប្រកួតផ្លូវការ ពួកគេមិនបានធ្វើតាមការរៀបចំ ១០០% នោះទេ ដោយសារភាពរំជួលចិត្ត ធ្វើឲ្យការគ្រប់គ្រងអារម្មណ៍មិនបានល្អ បង្កឲ្យមានចន្លោះប្រហោងនៅតំបន់មួយចំនួន ។

លោកបន្ដថា «ខ្ញុំបានយល់ច្បាស់ពីកីឡាកររបស់យើង តាមរយៈការប្រកួតជាមួយវិសាខា ដោយខ្ញុំបានដឹងថាកីឡាកររបស់យើងខ្វះខាតការទំនាក់ទំនងគ្នាលើទីលាន ខ្វះបទពិសោធន៍នៅពេលដែលប៉ះជាមួយក្រុមខ្លាំង និងឆាប់រំជួលចិត្ត ។ ដូច្នេះខ្ញុំអាចវាស់ដឹងពីកម្រិតរបស់កីឡាករយើង ហើយអាចដាក់ពួកគាត់លេងទៅតាមកម្រិតរបស់គាត់ ដូចជាការប្រកួតជាមួយក្រុមខ្លាំងយើងត្រូវដាក់អ្នកណា និងប្រកួតជាមួយក្រុមល្មមៗដាក់កីឡាកររូបណា»

សូមបញ្ជាក់ថា ការប្រកួតដ៏ជក់ចិត្តនេះ ត្រូវបានបញ្ជប់ដោយក្រុមម្ចាស់ផ្ទះវិសាខា ឈ្នះភ្នំពេញក្រោន ៤-៣ ។ ប៉ុន្ដែអ្វីដែលគួរឲ្យកត់សម្គាល់ គឺជំនួបលើទីលានកីឡដ្ឋានវិសាខា បានបង្កើតកំណត់ត្រាថ្មីមួយ ដោយមានអ្នកទស្សនាច្រើនជាងគេ បើធៀបនឹងការប្រកួតផ្សេងៗ ក្រោយមានអ្នកទស្សនាផ្ទាល់រហូត ៥,៥១២នាក់ឯណោះ៕