(សៀមរាប)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សប្បុរសធម៌ ដើម្បីប្រមូលថវិកាជួយមន្ទីរពេទ្យកុមារអង្គរ នាខេត្តសៀមរាប បានរកឃើញក្រុមជើងឯកហើយ បន្ទាប់ពីដំណើរការប្រកួតរយៈពេលជិត ២ខែ ដោយក្រុម S4H ជាអ្នកលើកពាន បន្ទាប់ពីផ្ដួលក្រុម Phume Baitang ដោយបាល់ប៉េណាល់ទីក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីចុងសប្ដាហ៍កន្លងទៅ នៅទីលាន Palm Container ។

គួរដឹងថា ព្រឹត្តិការព៍បាល់ទាត់សប្បុរសធម៌ ដើម្បីស្វែងរកថវិកាជួយមន្ទីរពេទ្យកុមារអង្គរនេះ ត្រូវបានរៀបចំដោយក្រុមអ្នកធ្វើការ និងធ្វើអាជីវកម្មក្នុងវិស័យទេសចរណ៍ជាច្រើននាក់ក្នុងខេត្តសៀមរាប ហើយមានក្រុមមិនអាជីពចំនួន ១៤ក្រុមចូលរួម ។ ជាលទ្ធផលក្រុម S4H បានយកឈ្នះក្រុម Phume Baitang ដោយលទ្ធផលយ៉ាងស្វិតស្វាញ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ ដើម្បីគ្រងតំណែងជើងឯក ។

ប៉ុន្ដែអ្វីដែលជោគជ័យលើសពីការប្រកួតប្រជែង ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងសុខភាព ក្រុមគណៈកម្មការបាល់ទាត់មនុស្សធម៌ខេត្តសៀមរាប បានប្រមូលថវិកាសប្បុរសធម៌ចំនួន ១០,៥៦៤ដុល្លារ ដូចការគ្រោងទុក សម្រាប់បរិច្ចាគជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យព្យាបាលកុមារ ដោយឥតគិតថ្លៃ នៅក្នុងខេត្តសៀមរាប ។

លោក ឈាង ផល្លា តំណាងគណៈកម្មាការប្រកួតពាននេះ បានឲ្យដឹងថា នេះគឺជាបេសកកម្មថ្មីរបស់ក្រុមគណៈកម្មការខ្លួន ក្នុងការស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរ ដ្បិតកាលពី ២ឆ្នាំមុន ការប្រកួតនេះ ផ្ដោតសំខាន់ក្នុងការជួយដល់សាលាខ្វះខាត នៅតាមតំបន់ដាច់ស្រយាល ។ ដូច្នេះលោកប្ដេជ្ញានឹងបន្ដរៀបចំព្រឹត្តិការណ៍សប្បុរសធម៌ជាបន្ដបន្ទាប់ទៀត ដើម្បីរួមចំណែកជួយកិច្ចការមនុស្សធម៌ និងសង្គម ។

សូមជម្រាបថា មន្ទីរពេទ្យកុមារអង្គរ គឺជាមន្ទីរពេទ្យសប្បុរសធម៌ផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃ ហើយត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩។ ក្នុងរយៈពេលប្រមាណ ២០ឆ្នាំនេះ មន្ទីរពេទ្យបានផ្តល់សេវាព្យាបាលកុមារជាង ២លានករណី។ ក្នុងមួយថ្ងៃមន្ទីរពេទ្យនេះព្យាបាលកុមារចន្លោះពី ៥០០ ទៅ៦០០នាក់ ហើយត្រូវចំណាយថវិកាប្រមាណ ៦.៥លានដុល្លារអាមេរិក។

ថវិកាទាំងនេះជិត ៩០ភាគរយ ជាជំនួយរបស់សប្បុរសជនក្រៅប្រទេស ហើយជាង ១០ភាគរយទៀត បានពីសប្បុរសជនក្នុងប្រទេស និងរាជរដ្ឋាភិបាលផងដែរ ៕