(ភ្នំពេញ)៖ បន្ទាប់ពីតារាប្រុសស្រីល្បីៗជាច្រើនប្រចាំផលិតកម្មហង្សមាស ទទួលតំណែងជាគណៈកម្មការក្នុងកម្មវិធី ប្រកួតសមត្ថភាពលំដាប់ថ្នាក់ពិភពលោក ជាបន្តបន្ទាប់នោះ ពេលនេះដល់វេន អ្នកមេម៉ាយចាយរាង សុខ ស្រីនាង បង្ហាញវត្តមានជាគណៈកម្មការម្តងហើយ។ ដោយនាងត្រូវបានផ្តល់កិត្តិយសយ៉ាងពិសេស ឲ្យធ្វើជាគណៈកម្មការ ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកដ៏ល្បីមួយ «Cambodian Idol Junior»។

ជាការកត់សម្គាល់ តារាចម្រៀងសំនៀងពិរោះរណ្តំ សុខ ស្រីនាង ទោះមិនទាន់ឈានដល់ចំណុចមួយ ដែលគេហៅថា ជាតារាចម្រៀងលំដាប់កំពូលក៏ពិតមែន តែដោយសារ​សមត្ថភាពសិល្បៈយូរឆ្នាំ និងទេពកោសល្យក្នុងការច្រៀងចម្រៀងបានល្អ មានទស្សនិកជនគាំទ្រច្រើនផងនោះ ជាឱកាសមួយ ធ្វើឲ្យនាងក្លាយជាគណៈកម្មការក្នុងកម្មវិធីនេះ។ បើប្រៀបធៀបជាមួយនឹង តារាប្រុសពីររូបទៀត ដែលជាគណៈកម្មការក្នុងកម្មវិធីខាងលើនេះ គឺ លោក ព្រាប សុវត្ថិ និងលោក ឆន សុវណ្ណារាជ, សុខ ស្រីនាង ហាក់នៅខ្ចី ប៉ុន្តែទស្សនិកជនភាគច្រើនបានសម្តែងនូវការពេញចិត្ត និងគាំទ្រនាង ជាមួយនឹងការភ្លក់នូវរសជាតិថ្មី ក្នុងនាមជាគណៈកម្មការកម្មវិធី «Cambodian Idol Junior» នេះ។

គួរជម្រាបថា កម្មវិធីប្រកួតសមត្ថភាពថ្មី ប្លែកគេក្នុងយុគសម័យថ្មី «Cambodian Idol Junior» ត្រូវបានគេដឹងថា សម្រាប់តែកុមារ ដែលមានអាយុចាប់ពី ៧ឆ្នាំ ដល់១៧ឆ្នាំ ដោយផ្តល់ឲ្យកុមារកម្ពុជាគ្រប់រូបមានឱកាស បង្ហាញភាពក្លាហានរបស់ពួកគេ ក្នុងការបញ្ចេញសមត្ថភាពលើកឆាកប្រកួតលំដាប់ថ្នាក់ពិភពលោកនេះ ខណៈប្រាក់រង្វាន់ដែលឈ្នះ គឺបានចំនួន ១០០លានរៀល៕