(ភ្នំពេញ)៖ គិតត្រឹមល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ អត្តពលិកកម្ពុជា នៅមិនទាន់ស្គាល់មេដាយក្នុងការប្រកួតកីឡាសិស្សជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ASEAN School Games លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ីនោះទេ ខណៈម្ចាស់ផ្ទះ កំពុងឈរកំពូលតារាងមេដាយ ក្រោយដណ្ដើមបានមេដាយសរុប ៣៦គ្រឿង ។

បន្ទាប់ពីដំណើរការប្រកួតរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៨-២១ ខែកក្កដា អត្តពលិកកម្ពុជា ហាក់កំពុងធ្វើដំណើរលើផ្លូវចាស់ ក្រោយកីឡាករ-កីឡាការិនី បានបរាជ័យជាបន្ដបន្ទាប់ ។ ជាក់ស្ដែងម្សិលមិញ កីឡា ៣ប្រភេទ សុទ្ធតែទទួលលទ្ធផលមិនបានល្អ ដូចជាកីឡាហែលទឹក៖ កីឡាករ អ៊ូង លីហេង ប្រកួតលើវិញ្ញាសា ២០០ម៉ែត្ររបៀបហែលកង្កែបផ្តាច់ព្រ័ត្រ ទទួលបានលេខ៨ និងកីឡាការិនី កាំង មុយនីន ប្រកួតលើវិញ្ញាសា ២០០ម៉ែត្រ ហែល ៤របៀបឯកត្តជនផ្តាច់ព្រ័ត្រ ទទួលបានលេខ៧ ។

ចំណែកកីឡាករអត្តពលកម្ម៖ វិញ្ញាសារត់ ៨០០ម៉ែត្រនារីវគ្គជម្រុះសេរ៊ីទី១ កីឡាការិនី កាន់ ស្រីរ័ត្ន ទទួលបានលេខ៥ និងរត់ ៨០០ម៉ែត្រនារីវគ្គជម្រុះសេរ៊ីទី២ កីឡាការិនី គន ដារ៉ែន ទទួលបានលេខ៥ ។ វិញ្ញាសារត់ល្បឿន ២០០ម៉ែត្រនារីវគ្គជម្រុះ កីឡាការិនី ប៉ែន សីហា ទទួលបានលេខ៧ ។ វិញ្ញាសារត់ ៣គីឡូម៉ែត្រនារីផ្តាច់ព្រ័ត្រ កីឡាការិនី បូ សំណាង ទទួលបានលេខ៦ និងប្រកួតវិញ្ញាសារត់ ៣គីឡូម៉ែត្របុរសផ្តាច់ព្រ័ត្រ កីឡាករ ឡែ ពិសិដ្ឋ ទទួលបានលេខ១០ ។ ឯកីឡាវាយសី៖ វិញ្ញាសាឯកត្តជនបុរស-នារី បានចាញ់ម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរី ដោយលទ្ធផល ២-០ ដូចគ្នា ។

ដោយឡែកប្រទេស កំពុងនាំមុខមេដាយក្នុងព្រឹត្តិការណ៍កីឡាសិស្សប្រចាំតំបន់នេះ គឺម្ចាស់ផ្ទះឥណ្ឌូនេស៊ី ដែលដណ្ដើមបានមេដាយសរុប ៣៦គ្រឿង រួមមានមេដាយមាស ១៦, ប្រាក់ ១០ និងសំរឹទ្ធ ១០ តាមពីក្រោយដោយអត្តពលិកថៃ ដណ្ដើមបានមេដាយសរុប ៣៨គ្រឿង មានមេដាយមាស ១២, ប្រាក់ ១៣ និងសំរឹទ្ធ ១៣ ។ រីឯម៉ាឡេស៊ី ឈរលេខ៣ មានមេដាយសរុប ២៨គ្រឿង គឺមានមេដាយមាស ៨, ប្រាក់ ១២ និងសំរឹទ្ធ ៨ ។ ចំណែកឈរលេខ៤ ដណ្ដើមបានមេដាយសរុប ១៣គ្រឿង មានមេដាយមាស ៤, ប្រាក់ ២ និងសំរឹទ្ធ ៧ ។

ប៉ុន្ដែយ៉ាងណាការប្រកួតសល់រយៈពេល ៤ថ្ងៃទៀត ពោលគឺគ្រោងនឹងបញ្ចប់ នាថ្ងៃទី២៥ ខែកក្កដាខាងមុខ ។ ចំពោះព្រឹត្តិការណ៍នេះ កម្ពុជាបានបញ្ជូនអត្តពលិក ៥ប្រភេទកីឡាទៅចូលរួម គឺមានកីឡាអត្តពលកម្ម ហែលទឹក វាយកូនឃ្លីលើតុ វាយសី និងកីឡាវាយកូនបាល់ ដែលមានប្រតិភូ និងអត្តពលិកសរុប ៥៦នាក់៕