(ភ្នំពេញ)៖ ក្រុមបាល់ទាត់វិសាខា បានទទួល ៣ពិន្ទុបន្ថែមយ៉ាងប្រផិតប្រផើយ បន្ទាប់ពីយកឈ្នះក្លឹបភ្នំពេញក្រោន ដោយលទ្ធផល ៤-៣ ក្នុងជំនួបជើងទី២ ដ៏កក្រើកកីឡដ្ឋានវិសាខា ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា សប្ដាហ៍ទី១៦ កាលពីយប់មិញ ហើយការប្រកួត BIG MATCH ប្រចាំសប្ដាហ៍នេះ បានបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រថ្មីមួយ ដោយមានអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់រហូតដល់ ៥,៥១២នាក់ឯណោះ ។

នេះគឺជាការប្រកួតដ៏ទាក់ទាញលើកដំបូង ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ដែលមានអ្នកទស្សនាផ្ទាល់រហូតជាង ៥,៥០០នាក់ ស្របពេលក្រុមទាំងពីរ បានបើកការប្រយុទ្ធលើវាលស្មៅធម្មជាតិពេញ ៩០នាទី ដែលធ្វើឲ្យអ្នកទស្សនាអង្គុយស្ទើរមិនជាប់នឹងកៅអីឡើយ ។ សម្រាប់ទី១ ក្រុមម្ចាស់ផ្ទះវិសាខា បានបំប៉ោងសំណាញ់ទីក្រុមភ្ញៀវ ២គ្រាប់មុន ដែលធ្វើសម្រេចដោយកីឡាករប្រេស៊ី Da Cruz និងកីឡាករនីហ្សេរីយ៉ា Ajayi ។

ដោយឡែកតង់ទី២ កាន់តែជក់ចិត្ត ដ្បិតភ្នំពេញក្រោនវាយបកតាមស្មើ ២-២ ត្រឹមនាទី៧៤ ដោយកីឡាករ Mustafa Zazai និង Paulo Victor ។ ប៉ុន្ដែភាពរីករាយរបស់ក្រុមភ្ញៀវ បានត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ក្រោយវិសាខា បានបន្ថែម ២គ្រាប់ទៀត ក្នុងរយៈពេល ៥នាទីបន្ទាប់ ដែលរកបានដោយកីឡាករ Ajayi និង ស៊ិន កក្កដា មុនកីឡាករ Data បន្ថែម ១គ្រាប់វិញឲ្យភ្នំពេញក្រោនចុងម៉ោង ធ្វើឲ្យចប់ការប្រកួតវិសាខា ឈ្នះ ៤-៣ ។

ក្រឡេកទៅចាប់អារម្មណ៍ចំនួនអ្នកទស្សនាវិញ ការទាក់ទាញអ្នកគាំទ្រ ៥,៥១២នាក់ចូលរួមទស្សនាការប្រកួតខាងលើ គឺជាកំណត់ត្រាប្រវត្តិសាស្ដ្រថ្មី នៃលីគកំពូលកម្ពុជា ដ្បិតមហិច្ឆតារបស់ក្រុមអង្គរថាយហ្គឺរ ដែលកំពុងកៀងគរអ្នកគាំទ្រ ៥,០០០នាក់ចូលរួមទស្សនាការប្រកួត នៅខេត្តសៀមរាប មិនទាន់ជោគជ័យឡើយ ជាក់ស្ដែងពេលអង្គរថាយហ្គឺរ ប៉ះវិសាខា កាលពីជើងទី១ មានអ្នកទស្សនាត្រឹម ៤,៣៧៧នាក់ប៉ុណ្ណោះ ។

ចំពោះលទ្ធផលបណ្ដោះអាសន្នវិញ ជ័យជម្នះរបស់ក្រុមវិសាខាខាងលើ បានធ្វើឲ្យក្រុមលេខ៣ ឆ្នាំចាស់នេះ បន្ដឈរលេខ៤ និងមាន ៣៤ពិន្ទុស្មើក្រុមកំពុងឈរលេខ៣ អង្គរថាយហ្គឺរ បន្ទាប់ពីអង្គរថាយហ្គឺរ ប្រកួតស្មើបឹងកេត ១-១ ។ រីឯភ្នំពេញក្រោន បានបន្ដឈរលេខរៀងទី៦ និងមាន ២៨ពិន្ទុ ដែលធ្វើឲ្យឱកាសប្រជែងពានកាន់តែខ្សត់ខ្សោយ សម្រាប់អតីតក្រុមជើងឯក ៦សម័យកាលនេះ៕