(ភ្នំពេញ)៖ ជាការពិតមួយរយៈចុងក្រោយមកនេះ ទំនាក់ទំនងរវាងតារាចម្រៀងប្រុសវ័យក្មេង ម្ចាស់បទ «គ្រាស្នេហ៍» ថៃ អតិជាតិបុត្រ និងតារាសម្តែងស្រីសិចស៊ី ដួង ម៉ានិច ហាក់ត្រូវបានមហាជនចាប់អារម្មណ៍ យ៉ាងខ្លាំង រហូតគ្រប់គ្នាគិតថា មិត្តភាពរបស់ពួកគេទាងពីរ អាចឈានដល់ចំណុចបង្កាត់ភ្លើងស្នេហ៍និង រហូតមានមតិមួយចំនួនយល់ថា ទំនាក់ទំនងរបស់អ្នកទាំងពីរគ្រាន់តែ ជាការក្លែងបន្លំក្រសែភ្នែកទស្សនិកជន ដែលកញ្ញា ដួង ម៉ានិចគ្រាន់តែតោងកាលីបលោក ដើម្បីទទួលបានការចាប់អារម្មណ៍ និងទទួលបានប្រជាប្រិយភាព ដើម្បីបានល្បីតែប៉ុណ្ណោះ។ ជុំវិញនឹងការលើកឡើងរបស់មហាជន តាមរយៈចូលរួមជាតារាកិត្តិយស ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» បុត្រ បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា ទំនាក់ទំនងរវាងលោក ជាមួយនឹងកញ្ញា ដួង ម៉ានិច គឺចេញពីអារម្មណ៍ពិត គ្មាននរណាតោងកាលីបនរណាទេ គ្រាន់តែមា្នក់ល្បីខាងផ្នែកចម្រៀង និងម្នាក់ល្បីខាងផ្នែកសម្ដែង តែប៉ុណ្ណោះ។

តាមរយៈការចូលរួមជាតារាកិត្តិយស ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» តារាចម្រៀងវ័យក្មេង ថៃ អតិជាតិបុត្រ បានថ្លែងប្រាប់ថា សម្រាប់លោកផ្ទាល់ លោកគិតថា ពាក្យសម្ដីរបស់ទស្សនិកជនមួយចំនួន ដែលថាកញ្ញា ដួង ម៉ានិច ចង់តោងកាលីបរបស់លោក ដើម្បីបានល្បី លោកគិតថាមិនអាចទៅរួចនោះទេ ម្យ៉ាងវិញទៀត ទាំងលោក និងកញ្ញា ដួង ម៉ានិច សុទ្ធសឹងតែមានទស្សនិកជនភាគច្រើន បានស្គាល់ ហើយក៏គ្មាននរណា តោងនរណាឡើយ អ្វីគ្រប់យ៉ាងកើតឡើងដោយភាពចៃដន្យ គ្មាននរណាម្នាក់គ្រោងទុកមុននោះទេ ។ បើនិយាយដល់រឿងទំនាក់ទំនងជាមួយនឹង ស្រីស្អាត ដួង ម៉ានិចត្រូវបាន ថៃ អតិជាតិបុត្រ បង្ហើបគឺលើសពីបងស្រី ប្អូនប្រុស មិនខ្វល់ពីសំដីអ្នកដទៃនោះទេ សំខាន់គឺលោកមានអារម្មណ៍ថា សប្បាយចិត្ត និងមានក្ដីសុខ ពេលបាននៅជាមួយកញ្ញា ដួង ម៉ានិច។

ដោយឡែកថ្មីៗនេះ ទស្សនិកជនក៏បានចាប់អារម្មណ៍ខ្លាំងទៅលើ អតិជាតិបុត្រ ក្រោយពីឃើញលោក បានគ្រងក្នុងឈុតកូនកំលោះ ជាមួយនឹងកញ្ញា ដួង ម៉ានិច ដែលគ្រងក្នុងឈុតកូនក្រមុំ ក្រោយពីអ្នកទាំងពីរបានលេចឮថាមានទំនាក់ទំនងស្អិតរមួត ជាមួយគ្នាដែលនេះត្រូវបានអតិជាតិបុត្រ បញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលខ្លួនបានគ្រងនូវឈុតបុរាណបែបនេះជាមួយ ដួង​ ម៉ានិច ហើយក៏មានការចាប់អារម្មណ៍ច្រើនពីមហាជន ហើយក៏មិនសូវមានអ្នករិះគន់នោះទេ។

ពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហាខុសវ័យ ដែលកំពុងតែត្រូវបានទស្សនិកជនធ្វើការចាប់អារម្មណ៍ខ្លាំងនេះ ចំពោះគ្រួសារ ថៃ អតិជាតិបុត្រ ផ្ទាល់គឺមិនមានប្រតិកម្មអ្វីឡើយ គឺគ្រាន់តែមានការចំអន់លេងបន្តិចបន្តួចតែប៉ុណ្ណោះ ដោយអះអាងថា ឲ្យតែលោកចេះស្រលាញ់គ្នាទៅវិញទៅមកគឺគ្រប់គ្រាន់ហើយ ទោះបីជាមានវ័យខុសគ្នាក៏ដោយ៕