(សេអ៊ូល)៖ កាលពីថ្ងៃទី១៩ ខែកក្កដា អតីតតារាសម្ដែង Jung Suk Won បានស្នើសុំឲ្យមានការបន្ធូរបន្ថយទោស បន្ទាប់ពីរដ្ឋអាជ្ញាទាមទារឲ្យដាក់ពន្ធនាគាររយៈពេល ៣ឆ្នាំ និងការសម្រេចរបស់លោកចៅក្រម Jo Yong Hyun និងបើកឱ្យមានបណ្តឹងឧទ្ធរណ៍របស់លោក នៅតុលាការជាន់ខ្ពស់នៃទីក្រុងសេអូល។

នៅក្នុងនោះ Jung Suk Won បានស្នើសុំឲ្យមានការបន្ធូរបន្ថយទោស ដោយលោកបានលើកឡើងថា «ខ្ញុំនឹងខិតខំកសាងខ្លួន ហើយរស់នៅស្រឡាញ់ក្រុមគ្រួសារខ្ញុំឲ្យបានល្អ ជំនួសនូវអំពើដែលខ្ញុំធ្លាប់ធ្វើនាពេលកន្លងមក ហើយចូលរួមជួយកិច្ចការងារសង្គម តាមអាចធ្វើទៅបាន»

រឭលកាលពីខែកុម្ភៈ ឆ្នាំ២០១៨ Jung Suk Won ត្រូវបានចាប់ខ្លួន ក្រោយការសង្ស័យប្រើប្រាស់គ្រឿងញៀន ប្រភេទ Philopon និង Cocaine នៅបន្ទប់ទឹក ក្នុងក្លឹបមួយកន្លែងស្ថិតនៅ Melbourne ប្រទេសអូស្រា្ដលី ជាមួយនឹងមិត្តភក្ដិរបស់លោក។ លោកត្រូវបានគេចាប់ឃាត់ខ្លួន នៅព្រលានយន្តហោះ ពេលមកដល់ប្រទេសកូរ៉េវិញ នៅពេលដែលតម្រូវឲ្យលោកធ្វើតេស្តរកគ្រឿងញៀន ហើយបានរកឃើញថា បានប្រើប្រាស់គ្រឿងញៀន ហើយក៏បានឃាត់ខ្លួនទុកនៅនឹងកន្លែងនោះ ដើម្បីធ្វើការស៊ើបអង្កេត។

កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ Jung Suk Won ត្រូវបានគេកាត់ទោសឲ្យជាប់ពន្ធនាគារ ១០ខែ ដោយព្យួររយៈពេល ២ឆ្នាំ អំឡុងពេលជំនុំជម្រះក្ដីលើកដំបូង ដោយមូលហេតុលោកមិនធ្លាប់មានកំណត់ត្រាបទល្មើសព្រហ្មទណ្ឌផ្សេងទៀត។

ការផ្តន្ទាទោស សម្រាប់ការជំនុំជម្រះបណ្តឹងលើតារាប្រុសរូបនេះ នឹងត្រូវធ្វើ​​ឡើងនៅថ្ងៃទី៣០ ខែសីហា ពេលព្រឹក ខែ​ក្រោយ​ខាងមុខនេះ៕