(ភ្នំពេញ)៖ តារាអាជីពនៅក្នុងពិភពសិល្បៈចំនួន១២រូប ដែលត្រូវគេស្គាល់ថា ជាម្ចាស់ពានគ្រងឈុតបុរាណ បានក្លាយជាទូតសុឆន្ទៈរបស់ខ្លួនជាលើកដំបូង ដើម្បីកិច្ចការសង្គម។ តារាទាំង១២រូប ក៏នឹងប្រកាសបង្ហាញខ្លួនយ៉ាងសកម្ម ក្នុងនាមជាតារាចុះជួយសកម្មភាពសប្បុរសធម៌ផងដែរ។ នេះបើយោងតាមការប្រកាសរបស់គ្រួសារតារាកម្ពុជា។

តារាល្បីៗទាំង១២រូបនោះ រួមមាន អ្នកនាង ម៉ៅ ស៊ីណាត ម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់កាលពីឆ្នាំ២០១៨, តារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា បេប៊ី ម្ចាស់ពាន​គ្រងឈុតបុរាណលេចធ្លោ ប្រចាំឆ្នាំ២០១៨, តារាសម្ដែង និងជាតារាម៉ូដែល BN លោក រុន ណាកូ ម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់លេចធ្លោ-ស័ក្តិសមប្រចាំឆ្នាំ២០១៨ និងជាម្ចាស់ពានអ្នកគ្រងឈុតបុរាណ ប្រជាប្រិយប្រចាំឆ្នាំ២០១៩ តាមរយៈការបោះឆ្នោតមុននេះ, តារាសម្ដែង លោក ស៊ិន សុធារិទ្ធ ម្ចាស់ពាន​គ្រងឈុតបុរាណកម្រប្រចាំឆ្នាំ២០១៨, លោក ម៉ែន អម្រុងរ័ត្ន ម្ចាស់ពានគ្រងឈុតបុរាណកែច្នៃ ប្រចាំឆ្នាំ២០១៨, តារាសម្ដែង កញ្ញា ភី សម័យ ម្ចាស់ពានគ្រងឈុតបុរាណច្នៃលេចធ្លោប្រចាំឆ្នាំ២០១៨, តារាចម្រៀងសំឡេង២ លោក ឌួង តារាផាឌីន ម្ចាស់ពានគ្រងឈុតបុរាណលេចធ្លោ ចំណាត់ថ្នាក់លេខ១ប្រចាំឆ្នាំ២០១៩, តារាសម្ដែង កញ្ញា ភីយ៉ា ម្ចាស់ពានគ្រងឈុតបុរាណលេចធ្លោ ចំណាត់ថ្នាក់លេខ១ប្រចាំឆ្នាំ២០១៩, ពិធីករ លោក បញ្ញា សិទ្ធិ ម្ចាស់ពានគ្រងឈុតបុរាណចំណាត់ថ្នាក់លេខ២ ប្រចាំឆ្នាំ២០១៩, តារាចម្រៀង កញ្ញា វណ្ណា វត្តី ម្ចាស់ពានចំណាត់ថ្នាក់លេខ២ ឆ្នាំ២០១៩, លោក លឿង វិសាល បុរសឯកវាយនភណ្ឌ ម្ចាស់ពានចំណាត់ថ្នាក់លេខ៣ ឆ្នាំ២០១៩, និង តារាសម្ដែង កញ្ញា ពេជ្រ ចរណៃ ម្ចាស់ពានចំណាត់ថ្នាក់លេខ៣ ដែលទើបទទួលពានឆ្នាំនេះ។

ស្ថាបនិកគ្រួសារតារាកម្ពុជា​ លោក ផាត់ តារារដ្ឋ បានថ្លែងថា ដើម្បីលើកទឹកចិត្តដល់តារាកាន់ពានទាំងអស់ ឲ្យកាន់តែមានការទទួលស្គាល់ ទើបម្ចាស់ពានទាំងនេះ ត្រូវបានតែងតាំងជាទូតសុឆន្ទៈប្រចាំក្រុម ដោយក្នុងរយៈពេលមួយឆ្នាំក្នុងការតែងតាំងនេះ គឺទូតសុឆន្ទៈទាំងអស់ នឹងមានសកម្មភាពក្នុងកិច្ចការសង្គមយ៉ាងហោច១ខែម្ដង។ ក្នុងនោះគ្រួសារតារាកម្ពុជា ក៏កំពុងសហការជាមួយបណ្ដាអង្គការ និងម្ចាស់សមាគមនានា ដើម្បីឲ្យម្ចាស់ពានទាំង១២ ដែលត្រូវតែងតាំងជាទូតសុឆន្ទៈ លើកដំបូងរបស់ក្រុម កាន់តែមានឱកាសធ្វើកិច្ចការសង្គម និងជួយសង្គម ឲ្យកាន់តែច្រើនផងក្នុងរយៈពេលពេញមួយឆ្នាំនេះ៕