(ភ្នំពេញ)៖ លោក Panyarak Poolthup ឯកអគ្គរាជទូត​ថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងសង្កត់ធ្ងន់ថា តាមរយៈមហោស្រពភាពយន្ត​ថៃលើទី៦ ដែលនឹងប្រារព្ធឡើង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ នឹងធ្វើឲ្យចំណងមិត្តភាពនៃប្រជាជនប្រទេសទាំពីរ កាន់តែរឹងមាំខ្លាំងឡើង ជាពិសេសផលិតករភាពយន្តនៃប្រទេសទាំងពីរ បានចូលរួមចែករំលែកបទពិសោធគ្នាទៅវិញទៅមក ខណៈដែលប្រទេសទាំងពីរ មានវប្បធម៌សិល្បៈស្រដៀងគ្នា មានការគោរពស្រឡាញ់គ្នាទៅវិញទៅមក ជាប្រទេសជិតខាង និងមានទំនាក់ទំនងស៊ីជម្រៅ ក្នុងវិស័យវប្បធម៌ សាសនា តាំងពីយូរលង់ណាស់មកហើយ។

ការថ្លែងបែបនេះ របស់ឯកអគ្គរាជទូត​ថៃប្រចាំនៅកម្ពុជា ត្រូវបានធ្វើឡើងនៅក្នុងពិធី ផ្សព្វផ្សាយភាពយន្តថៃលើកទី៦ ​រៀបចំឡើងដោយ​ស្ថានឯកអគ្គរាជទូតថៃនៅរាជធានីភ្នំពេញ ប្រចាំកម្ពុជា និងស្ថានតំណាងពាណិជ្ជកម្មថៃប្រចាំរាជធានីភ្នំពេញ (DITP), ក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ខណៈដែលកម្មវិធីដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ នៅរោងភាពយន្ត Major Cineplex នៅក្នុងផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី និង​រោងភាពយន្ត Legend Cinema ស្ថិតនៅផ្សារទំនើប​City Mall។

លោក Panyarak Poolthup ​បានថ្លែងបន្តទៀត​ថា «ខ្សែភាពយន្ត គឺជាប្រភេទនៃការកម្សាន្ត ដែលអាចផ្តល់នូវការយល់ដឹងពីរបៀប ឬបែបផែនដែលមនុស្សត្រូវគិត និងបញ្ចេញសកម្មភាពនៅក្នុងជីវិតពិត។ ការយល់ដឹងអំពីការគិតរបស់មនុស្ស និងមូលហេតុដែលវាប៉ះពាល់ដល់អាកប្បកិរិយារបស់ពួកគេ អាចជួយយើងឲ្យទទួលយកនូវភាព ខុសគ្នារបស់យើង និងអាចតភ្ជាប់ជាមួយមនុស្សផ្សេងទៀត។ នេះគឺជាមូលហេតុដែលមហោស្រពភាពយន្ត ត្រូវបានរៀបចំជាថ្មីម្តងទៀត យើងជឿជាក់ថា ខ្សែភាពយន្តនេះនឹងពង្រឹងចំណងទាក់ទង រវាងប្រជាជននៃប្រទេសថៃ និងប្រជាជននៃប្រទេសកម្ពុជា ទាំងមនុស្សពេញវ័យ និងកុមារផងដែរ»

ដោយឡែកលោក Jirawuth Suwanana-arj អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងជានាយកនៃ ស្ថានតំណាងពាណិជ្ជកម្មថៃ ប្រចាំរាជធានីភ្នំពេញ (DITP) បានថ្លែងថា កម្មវិធីផ្សព្វផ្សាយភាពយន្តថៃ ឆ្នាំ២០១៩ ក៏មានគោលបំណងជំរុញកិច្ច សហប្រតិបត្តិការរវាងផលិតករភាពយន្ត និងអ្នកដែលពាក់ព័ន្ធនឹងខ្សែភាពយន្តនៃប្រទេសកម្ពុជា និងប្រទេសថៃ ដើម្បីបង្កើតខ្សែភាពយន្តថ្មីៗ ឬធ្វើការជាមួយគ្នាបានកាន់តែល្អ។ សិក្ខាសាលា និងការតភ្ជាប់ទំនាក់ទំនង អាជីវកម្មនៅថ្ងៃដំបូងនៃព្រឹត្តិការណ៍ កម្មវិធីផ្សព្វផ្សាយភាពយន្តថៃ ត្រូវបានរៀបចំជាវេទិកាសម្រាប់ចែករំលែកបទពិសោធន៍ និងបច្ចេកទេសនៅក្នុងចំណោម អ្នកដែលដែលពាក់ព័ន្ធនឹងការផលិតខ្សែភាពយន្ត ដូចជា នាយកផលិតកម្ម ផលិតករ និងតារាសម្តែងពីបណ្តាប្រទេសទាំងពីរ។

លោកបន្តថា នាពេលបច្ចុប្បន្ននេះ «មាតិការឿង» គឺមានសារៈសំខាន់បំផុតសម្រាប់ការកម្សាន្ត និងឧស្សាហកម្មភាពយន្ត។ ដូច្នេះនៅឆ្នាំនេះ យើងបានអញ្ជើញក្រុមហ៊ុនថៃជាច្រើន ដែលទាក់ទងនឹងអ្នកបង្កើតមាតិការឿង ដូចជារឿងគំនូរជីវចល រឿងល្ខោន កម្មវិធីហ្គេមកម្សាន្ត និងការប្រគំតន្រ្តី ដើម្បីជួយស្វែងរកគំនិតច្នៃប្រឌិតបន្ថែមទៀត ចំពោះទីផ្សារភាពយន្តនៃប្រទេសកម្ពុជា ហើយអាចបង្កើតនូវគម្រោងភាពយន្តធំមួយ ដែលជាគម្រោងរួមគ្នានាពេលអនាគតនេះ។ ក្នុងនោះក៏មានក្រុមហ៊ុនថៃ ដែលមានអាជីវកម្មលើផ្នែកឌីជីថល ដើម្បីគាំទ្រដល់ផ្នែកទីផ្សារ ដែលកំពុងមានតម្រូវការខ្ពស់នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះផងដែរ។

សូមបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយភាពយន្តថៃឆ្នាំ២០១៩ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ត្រូវបានរៀបចំរួមគ្នាដោយស្ថានតំណាងពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសថៃ និងក្រសួងការបរទេសនៃប្រទេសថៃ ព្រមទាំងមានកិច្ចសហប្រតិបត្តិការ ពីរោងភាពយន្ត Major Cineplex នៅផ្សារទំនើប អ៊ីអន​ម៉ល សែនសុខ និងរោងភាពយន្ត Legend Cinema ស្ថិតនៅផ្សារទំនើប City Mall។

​ក្នុងអំឡុងពេល៥ថ្ងៃនេះ ខ្សែភាពយន្តថៃចំនួនមួយនឹងត្រូវបានចាក់បញ្ចាំង ជារៀងរាល់ថ្ងៃ នៅរោងភាពយន្ត Major Cineplex ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ និងនៅរោងភាពយន្ត Legend Cinema ស្ថិតនៅផ្សារទំនើប City Mall ហើយការចាក់បញ្ចាំងនេះ ត្រូវបានបើកចំហដល់សាធារណជន ដោយចូលទស្សនាឥតគិតថ្លៃ។ ​លើសពីនេះទៅទៀត យើងក៏នឹងរៀបចំសិក្ខាសាលាមួយ ស្តីពីការផលិតខ្សែភាពយន្តនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ផងដែរ ដោយផ្តោតទៅលើការបង្កើតសាច់រឿង ការជ្រើសរើសបរិយាកាសនៅក្នុងសាច់រឿង និងការផលិត នៅសាល​អ៊ីអន (AEON Hall) ស្ថិតនៅជាន់ទី៣ នៃផ្សារទំនើប អ៊ីអន​ម៉ល សែនសុខ បន្ទាប់មកគឺការទំនាក់ទំនងគ្នារវាងអ្នកជំនួញ និងអ្នកជំនួញ។

សកម្មភាពទាំងពីរនេះ ត្រូវបានរៀបចំឡើង ដើម្បីបង្កើតនូវវេទិកាជួបជុំមួយរវាងផលិតករភាពយន្តថៃ និងផលិតករភាពយន្តកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក​៕