(យូហ្គោហាម៉ា)៖ សមាជិកថ្មីក្នុងក្លឹបតោខៀវ Chelsea, Christian Pulisic បានចូលលេងក្នុង ១ប្រកួតដំបូង ក្នុងក្លឹបអង់គ្លេស ជាមួយនឹងការរងបរាជ័យ ១-០ ក្រោមថ្វីជើងក្រុមជើងឯកជប៉ុន Kawasaki Frontale ក្នុងជំនួបមិត្តភាពអន្តរជាតិនាយប់មិញនេះ។

ខ្សែប្រយុទ្ធអន្តរជាតិអាមេរិក ដែលត្រូវបាន Chelsea ទិញពីក្លឹបអាល្លឹម៉ង់ Borussia Dortmund ក្នុងតម្លៃខ្លួនប្រមាណ ៥៨លានផោន កាលខែមករា ឆ្នាំ២០១៩ ត្រូវបានគ្រូបង្វឹក Frank Lampard ដាក់ឲ្យចូលលេងក្នុងប្រកួតទី៣ របស់ Chelsea នៃការប្រកួត Pre-season នៅទឹកដីអាស៊ី ក្នុងខណៈស្មើ១ និងឈ្នះ១ នាពេលថ្មីៗនេះផងដែរ។

Pulisic ត្រូវបានដាក់ឲ្យចូលលេងក្នុងតំណែងប្រយុទ្ធដោយចាប់ដៃគូជាមួយកីឡាករប៊ែលហ្ស៊ិក Batshuayi ជាមួយមិត្ត រួមក្រុម Olivier Giroud ដែលត្រូវបានប្តូរចូលក្នុងវគ្គទី២ និង Pedro សុទ្ធតែបានបង្ហាញខ្លួនដូចគ្នា។

យ៉ាងណាក៏ដោយ ការប្រកួតបានបន្តរហូតដល់នាទីទី៨៨ ទើបកីឡាករ Leandro Damiao តែតបញ្ចូលទីបាន ១គ្រាប់ឲ្យក្រុមម្ចាស់ផ្ទះ Frontale បន្ទាប់ពីត្រូវបាន Chelsea គ្រប់គ្រងការប្រកួតស្ទើរទាំងស្រុងមកនោះ និងក៏ជាការរង បរាជ័យលើកទី១ ផងដែរសម្រាប់គ្រូបង្វឹកថ្មី Frank Lampard ក្នុងការដឹកនាំក្រុមតោខៀវ Chelsea ៣ប្រកួតមកនេះ៕