(បរទេស)៖ តារាចម្រៀងស្រីអាមេរិក Ariana Grande ត្រូវបានអ្នកថតរូបម្នាក់ប្ដឹង ជុំវិញការប្រើប្រាស់រូបថតរបស់នាងចំនួន០២ សន្លឹក បង្ហោះនៅលើបណ្ដាញអ៊ីនស្តារក្រាម ដោយគ្មានការការអនុញ្ញាតិ្ត។

យោងទៅតាមការចេញផ្សាយដោយសារព័ត៌មាន Channelnewsasia បានឲ្យដឹងថា អ្នកថតរូបម្នាក់ មានឈ្មោះ Robert Barbera បានប្ដឹងពីបទរំលោភសិទ្ធ និងបានទាមទារសំណងចំនួន ២៥០០០ ដុល្លារ ក្នុងរូបថតមួយសន្លឹក ពីតារាស្រី Ariana Grande ឬក៏អាចទាររកប្រាក់ចំណូលទាំងអស់ ដែលនាងបានមកពីការបង្ហោះរូបថតនោះ ចូលក្នុងបណ្ដាញអ៊ីនស្តារក្រាម។

រូបថតដែលត្រូវបានគេចោទប្រកាន់នោះ ត្រូវបានបង្ហោះកាលពីខែសីហា ឆ្នាំមុន។ ​ក្រោយមករូបថតនោះ ត្រូវបានគេលុបចោល ប៉ុន្តែទទួលបានការចុច Like រហូតដល់ទៅលើសពី ៣ លាន។

យ៉ាងណាមិញ ជុំវិញបញ្ហានៃការចោទប្រកាន់ខាងលើ តារាស្រី Ariana Grande មិនទាន់មានការឆ្លើយតមនៅឡើយទេ។

សូមបញ្ជាក់ថា តារាស្រី Ariana Grande គឺជាតារាចម្រៀងអាមេរិកមួយរូប ដែលមានភាពល្បីល្បាញលើសកលលោក ហើយនៅលើបណ្ដាញ Instagram នាងមានអ្នក Follow ដល់ទៅ ១៥៤ លាននាក់៕