(វ៉េរ៉ណា)៖ រូបភាពដ៏ធំមួយរបស់អវកាសយានិកលោក ណែល អាមស្ត្រង (Neil Armstrong) ដែលត្រូវបានគេស្គាល់ថាជាមនុស្សដំបូងបំផុត បានដើរនៅលើភពព្រះច័ន្ទនោះ ត្រូវបានវិចិត្រករម្នាក់ មានឈ្មោះថា Dario Gambarin បង្កើតឡើងនៅលើវាលស្រូវសាលីក្នុងប្រទេសអ៊ីតាលី ក្នុងឱកាសខួបបេសកកម្មជាន់ដីឋានព្រះច័ន្ទ Apollo 11 របស់ទីភ្នាក់ងារអវកាសអាមេរិក NASA កាលពី ៥០ឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយព័ត៌មាន CGTN នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩។

រូបគំនូរនៅលើវាលស្រូវសាលីរបស់វិចិត្រករ Gambarin ត្រូវបានបង្កើតឡើងជាមួយនឹងត្រាក់ទ័រ នៅលើផ្ទៃដី ២៦,០០០ ម៉ែត្រការ៉េ នៅតំបន់ Castagnaro ទីក្រុង Verona ប្រទេសអ៊ីតាលី។

សិល្បៈគំនូរនេះ គឺជាផ្នែកមួយនៃការប្រារព្ធពិធីខួបលើកទី៥០ ឆ្នាំ ក្នុងឱកាសខួបនៃព្រឹត្តិការណ៍បេសកកម្មជាន់ដីឋានព្រះច័ន្ទ Apollo 11 កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦៩ ហើយកំឡុងបេសកកម្ម Apollo 11 ដែលមានរយៈពេលប្រមាណមួយសប្តាហ៍នោះ លោក Collins បានស្ថិតក្នុងគន្លងអវកាសរបស់ព្រះច័ន្ទ ស្របពេលដែលលោក Armstrong និង លោក Aldrin គឺជាមនុស្សពីររូបដំបូងគេ ដែលបានឈានជើងជាន់លើផ្ទៃព្រះច័ន្ទ៕