(ភ្នំពេញ)៖ បេក្ខភាពកូនពៅវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ បានរកឃើញហើយ គឺក្រុមវិសាខា និងក្រុមគិរីវង់សុខសែនជ័យ ក្រោយទម្លាក់ក្រុមនគរបាលជាតិ (ប៉ូលិស) និងក្រុមណាហ្គាវើលដ៏ ត្រឹមវគ្គជម្រុះ ១៦ក្រុមចុងក្រោយកាលពីម្សិលមិញ។

សម្រាប់ក្រុមវិសាខា បានបន្ដលត់ក្រុមប៉ូលិសយ៉ាងចាស់ដៃ ក្នុងជើងទី២ លើកទឹកដីខ្លួន ជាមួយលទ្ធផល ៤-០។ សរុបលទ្ធផល ២ជើង វិសាខាបានយកឈ្នះអតីតក្រុមជើងឯកឆ្នាំ២០១៤ នេះ ១០-០។ នេះគឺជាលទ្ធផលដ៏ល្អហួសស្មានរបស់ក្រុមវិសាខា ក្នុងនាមជាក្រុមលីគកំពូលកម្ពុជាដូចគ្នា ដែលអាចរកបានគ្រាប់បាល់ជ័យជម្នះដ៏ច្រើន ដើម្បីដណ្ដើមកៅអីវគ្គ ៨ក្រុមចុងក្រោយ។

ឯក្រុមណាហ្គាវើលដ៏ បានត្រឹមសោកស្ដាយ និងខកចិត្តដ្បិតមិនអាចវាយបកឈ្នះគិរីវង់ដូចការរំពឹង គឺឈ្នះត្រឹម ១-០ ក្នុងជើងទី២។ ប៉ុន្ដែដោយសារជើងទី១ គិរីវង់បានឈ្នះណាហ្គាវើលដ៏ ២-០ ក្នុងដី បានធ្វើឲ្យក្រុមមានមូលដ្ឋាននៅខេត្តតាកែវនេះ ឡើងវគ្គបន្ដ ខណៈណាហ្គាវើលដ៏ត្រូវហាលអាវ បន្ទាប់ពីបំណងវាយបក ៣គ្រាប់ ទៅ ៤គ្រាប់របស់លោក មាស ចាន់ណា ត្រូវបរាជ័យដោយរបាំងការពារដ៏រឹងមាំរបស់គិរីវង់។

ចំពោះបេក្ខភាពវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ ពេលនេះរួមមានក្រុមវិសាខា ភ្នំពេញក្រោន គិរីវង់ បឹងកេត ក្រសួងការពារជាតិ ព្រះខ័នរាជស្វាយរៀង សូលទីឡូអង្គរ និងក្រុមអង្គរថាយហ្គឺរ ដែលក្រុមទាំងនេះ នឹងត្រូវចាប់ឆ្នោតប៉ះគ្នា ដើម្បីប្រកួតការប្រកួតប្រជែងកៅអី​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាពេលឆាប់ៗខាងមុខ៕